(ភ្នំពេញ)៖ ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ ក្រោយធ្វើការពន្យារពេល ២លើក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ការប្រកួតនេះបានធ្វើឡើង ១ថ្ងៃពេញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនី ៤០នាក់មកពី ៥ក្លិបចូលរួមប្រកួតលើវិញ្ញាសាចំនួន១៥។
ថ្លែងក្នុងពិធីបិទការប្រកួតលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានបង្ហាញនូវមោទនភាព ចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្នុងការខិតខំជម្នះឧបសគ្គវិបត្តិកូវីដ-១៩ ដើម្បីរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះដោយជោគជ័យ ពិសេសលោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះកីឡាករ-កីឡាការិនីគ្រប់រូប ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យរីកចម្រើនគួរឲ្យកត់សម្គាល់។
លើសពីនេះ អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក៏បានអរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជននានា ពិសេសការប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ២,០០០ដុល្លាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលដែលធ្វើឲ្យសហព័ន្ធកាន់តែមានកម្លាំងចិត្ត និងការខិតខំអភិវឌ្ឍបន្ថែមទៀត។
ចំពោះលទ្ធផលនៃការប្រកួតវិញ គេឃើញក្លិបដូនពេញ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៧គ្រឿង រួមមានមេដាយមាស៨, ប្រាក់៦ និងសំរឹទ្ធ៣ ខណៈក្លិបសន្ធរម៉ុក ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៦គ្រឿង រួមមានមាស៤, ប្រាក់៤ និងសំរឹទ្ធ៨ គ្រាដែលក្លិបសៀមរាប ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស៤, ប្រាក់១ និងសំរឹទ្ធ២។
គួរបញ្ជាក់ថា ក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នេះ ក៏មានការយាងចូលរួមជាអធិបតីភាពពីសំណាក់អ្នកអង្គម្ចាស់ នរោត្តម ជេន ណា ផងដែរ៕