(ប៊ែកឡាំង)៖ ក្លិបអាល្លឺម៉ង់ Borussia Dortmund បានប្រកាលថា កីឡាករខ្សែបម្រើការពារ Axel Witsel នឹងត្រូវសម្រាកព្យាបាលរបួសជាច្រើនខែ ក្រោយជួបបញ្ហារបួសរហែកសរសៃពួរកែងជើងខាងឆ្វេង (Achilles Tendon) ដែលអាចអវត្តមានរហូតចប់រដូវកាលលីគ Bundesliga និងពានរង្វាន់ UEFA Champions League ផងដែរ។

Witsel បានរងរបួសដ៏ធ្ងន់ធ្ងរនេះក្នុងជំនួបដែលក្រុម Dortmund យកឈ្នះម្ចាស់ផ្ទះ RB Leipzig ក្នុងលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលដែលមិត្តរួមក្រុម Haaland រកបាន ២គ្រាប់ម្នាក់ឯងជាមួយ Jadon Sancho រួមចំណែកជួយក្រុមឈរលេខរៀងទី៤ ក្នុងតារាងពិន្ទុបណ្តោះអាសន្ន ដោយចាញ់ ៥ពិន្ទុពីក្រុមកំពូលតារាង Bayern Munich ដែលមាន ៣៣ពិន្ទុ។

Borussia Dortmund មិនអាចបញ្ជាក់បានទេថា កីឡាកររូបនេះអាចបង្ហាញខ្លួនក្នុងការប្រជែងពាន European Championship ឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ឬយ៉ាងណាដែលចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខាងមុននេះ។

Witsel លេងបាន ១៨ប្រកួតហើយក្នុងរដូវកាលនេះជាមួយ ២៤ប្រកួតរបស់ Dortmund មុនពេលជួបបញ្ហារបួសបែបនេះ ខណៈក្រុមនេះនឹងមានភារកិច្ចប្រជែងពាន UCL វគ្គ ១៦ក្រុមចុងក្រោយ ពេលខាងមុខទល់នឹងក្រុមអេស្ប៉ាញ Sevilla នៅថ្ងៃទី១៧ ខែកុម្ភៈ សម្រាប់ជើងទី១ និងជើងទី២ ក្នុងខែមីនា៕