(អ៊ីតាលី)៖ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Juventus បានបង្កើតកំណត់ត្រា ក្នុងការរកបានគ្រាប់បាល់មួយទៀត នាថ្ងៃអាទិត្យ ដោយកីឡាកររូបនេះ បានក្លាយជាកីឡាករដំបូងគេ ដែលរកបានគ្រាប់បាល់យ៉ាងហោចណាស់១៥គ្រាប់ ក្នុងមួយរដូវកាល នៃ១៥រដូវកាលចុងក្រោយនេះ នៅក្នុងក្របខណ្ឌកំពូលចំនួន៥ របស់អឺរ៉ុប, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ។

កីឡាករជនជាតិព័រទុយហ្គាល់ វ័យ៣៥ឆ្នាំរូបនេះ រកបានគ្រាប់បាល់ចំនួន១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ចំនួន១៣ដង នៃក្របខណ្ឌ Serie A នៅរដូវកាលនេះ, ជាគោលដៅសំខាន់មួយ ដែលលោកសម្រេចបានរាល់ឆ្នាំ ចាប់តាំងពីយុទ្ធនាការ ឆ្នាំ២០០៦-២០០៧ កំឡុងពេលលេងនៅក្លិប ក្រុម Manchester United, Real Madrid និង Juve ។

កំណត់ត្រានេះ បានអនុវត្តលើលីកកំពូលទាំង៥ នៅក្នុងប្រទេសស្ថិតក្នុងស្ថាប័ន UEFA ដូចជា ៖ ក្របខណ្ឌ La Liga របស់អេស្បាញ , Premier League របស់អង់គ្លេស, Serie A របស់អ៊ីតាលី, Bundesliga របស់អាល្លឺម៉ង់ និង Ligue 1 របស់បារាំង។

Ronaldo បានចូលលេងនៅក្លិប Juventus ក្នុងរដូវក្តៅ ឆ្នាំ២០១៨ និងបានឈ្នះពាន់រង្វាន់ក្របខណ្ឌកំពូល នៅទីក្រុង Turin របស់អ៊ីតាលី, រកបានគ្រាប់បាល់សរុប៨៤គ្រាប់ ក្នុងការបង្ហាញខ្លួន១០៤ប្រកួត សម្រាប់ក្លិបមួយនេះ។

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់រូបនេះ គិតមកទល់ពេលនេះ រកបានគ្រាប់បាល់៧៥៩គ្រាប់ហើយ សម្រាប់ក្លិប និងប្រទេសរបស់ខ្លួន និងទទួលបានកំណត់ត្រាកីឡាករ ដែលរកបានគ្រាប់បាល់ច្រើនបំផុត៕