(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីទទួលក្រុមភ្ញៀវហង្សក្រហម Liverpool នាចុងខែមករា ឆ្នាំ២០២១ នេះ នៃការប្រកួតពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ក្នុងជុំទី៤ ជាបន្តទៀត។
ការចាប់ឆ្នោត ដើម្បីជ្រើសរើសគូប្រជែងសម្រាប់ជុំទី៤ និងទី៥ ត្រូវបានធ្វើឡើងរួចរាល់ហើយនៅរាត្រីថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ នៅពេលដែលក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវស្វាគមន៍ក្រុមជើងឯក Premier League, Liverpool នៅទឹកដី Old Trafford ខណៈក្រុមការពារតំណែងជើងឯក កាំភ្លើងធំ Arsenal ត្រូវប៉ះម្ចាស់ផ្ទះ Southampton ឬក៏ Shrewsbury នៅពេលក្រុមជើងឯករងឆ្នាំចាស់ តោខៀវ Chelsea ជួបក្រុម Luton នៅទឹកដី Stamford Bridge។
មួយវិញទៀត Man Utd នឹងឡើងទៅប៉ះក្រុមញញួរធំ West Ham United ដែលមានអតីតអ្នកចាត់ការទូទៅចាស់របស់ពួកគេ លោក David Moyes នៅទីនោះ ប្រសិនបើអាចយកឈ្នះ Liverpool បានមែន ហើយ West Ham ទម្លាក់ក្រុមមកពី League One, Doncaster Rovers ក្នុងជុំទី៤ ដូចគ្នា ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២១ មុនពេលជុំទី៥ វគ្គ ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំដដែល៕