(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន ១៩ករណីថ្មីទៀតក្នុងចំណោមកីឡាករ និងបុគ្គលិកក្លិបប្រមាណ ២៥៩៣នាក់ក្នុងការធ្វើតេស្ត ២ជុំចុងក្រោយកាលពីសប្តាហ៍មុន។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា នៅចន្លោះថ្ងៃទី០៤ និងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ មានការធ្វើតេស្តវិជ្ជមានថ្មីចំនួន ២៧ករណី ហើយ ៩ករណីផ្សេងទៀតត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តនៅចន្លោះថ្ងៃទី ០៨ និងថ្ងៃទី១០ ខែមករា។

ចំនួននេះដែរ គឺមានការថយចុះបន្តិចនៃការធ្វើតេស្តដែលបានរកឃើញវិជ្ជមានចំនួន ៤០ករណី ពីការធ្វើតេស្តកាលពីចុងខែមុន។

ករណីថ្មីនៃ Covid-19 ដែលត្រូវបានត្រូវបានរកឃើញជាបន្តបន្ទាប់នេះដែរ បានធ្វើឲ្យការប្រកួតនៅ Premier League របស់ក្រុម Tottenham ទល់នឹង Aston Villa ត្រូវបានពន្យារពេល នៅពេលដែលបាល់ទាត់នៃប្រទេសស្កុតឡេន ក្រមខណ្ឌ Championship ត្រូវបានផ្អាកអស់រយៈពេល ៣សប្តាហ៍ចាប់តាំងពីពាក់កណ្តាលអាធ្រាត្រ ដោយសារតែចំនួនករណីឆ្លង Covid-19 មានការកើនឡើង។

កាលពីសប្តាហ៍មុនផងដែរ លោក Dean Smith អ្នកចាត់ការក្រុម Aston Villa និងជាក្រុមដំបូងរបស់លោកត្រូវនៅដាច់ដោយឡែកពីគ្នា ហើយកន្លែងហ្វឹកហាត់របស់ពួកគេត្រូវបានបិទទៀត បន្ទាប់ពីការធ្វើតេស្តវិជ្ជមានចំនួន ១៤ករណីត្រូវបានរកឃើញក្នុងក្លិប។ ពួកគេបានប្រមូលផ្ដុំក្រុមមួយដែលមានកីឡាករភាគច្រើនជាយុវជន ដើម្បីប្រកួតទល់នឹង Liverpool សម្រាប់ជុំទី៣ នៃពានរង្វាន់ FA Cup ដែលពួកគេបានចាញ់ ៤-១ នៅកីឡដ្ឋាន Villa Park ផងដែរ៕