(អាមេរិក)៖ ក្រុមហ៊ុន Parler LLC ដែលជាបណ្ដាញសង្គមបញ្ចេញមតិដោយសេរី បានប្ដឹងក្រុមហ៊ុន Amazon.com Inc ក្រោយពេលបិទមិនឱ្យដំណើរការគេហទំព័ររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

Parler ត្រូវបានក្រុមហ៊ុន Amazon បិទមិនឱ្យដំណើរការគេហទំព័រ ជាមួយនឹងហេតុផលថា បណ្ដាញសង្គមនយោបាយគាំទ្រ លោក ដូណាល់ ត្រាំ មួយនេះ បានល្មើសនឹងច្បាស់ ជាពិសេសគឺប្រើប្រាស់ការបញ្ចេញមតិបែបនយោបាយខុសពីគោលការណ៍ ខណៈដែល Apple និង Google បានលុប App របស់ Parler ចេញពី Store ព្រមគ្នា ក្រោមហេតុផងដូចគ្នាទៅនឹង Amazon ផងដែរ។

បណ្ដាញសង្គម Parler បានចោទ Amazon ថា មានភាពពុតត្បុត និងខ្វះទំនុកចិត្តក្នុងការប្រឈមមុខជាមួយខ្លួនដោយផ្ទាល់ ផ្ទុយទៅវិញបានធ្វើនឹងរឿងដែលរំលោភនឹងសិទ្ធិរបស់អតិថិជន ដោយគ្រាន់តែភ្ជាប់មកជាមួយនូវហេតុផងមួយចំនួនដោយគ្មានភស្ដុតាងច្បាស់លាស់។

Parler បាននិយាយថា វាជាគោលការណ៍ និងសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចចិត្តបង្ហោះនូវមាតិកា ចំណែក Amazon គ្មានសិទ្ធិក្នុងការលុប ឬបិទនោះទេ ដូច្នេះនៅពេលនេះ Parler ទាមទារឱ្យ Amazon បើកដំណើរការគណនីរបស់ខ្លួនឡើងវិញ និងចេញមុខមកដោះស្រាយគ្នា។

គួរបញ្ជាក់ផងដែរថា Parler ត្រូវបានគេមើលឃើញថា ជាបណ្ដាញសង្គមមួយដែលពោរពេញទៅដោយក្រុមអ្នកនយោបាយនិយម ជាពិសេសគឺក្រុមអ្នកគាំទ្រ លោក ដូណាល់ ត្រាំ ហើយថ្មីៗនេះគឺបានបង្ហោះសារជាច្រើនដែលបង្កឱ្យមានអំពើហិង្សា ដូច្នេះទើប Apple និង Google បានសម្រេចចិត្តលុប App របស់ Parler ចេញពី Store ភ្លាមៗ៕