(ភ្នំពេញ)៖ ការប្រកួតជម្រើសជើងឯកបាល់ទាត់លីគទី២ កម្ពុជា ឆ្នាំ២០២០ នឹងចាប់ផ្ដើមការប្រកួតបន្ដ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ក្រោយផ្អាកការប្រកួតអស់ពេលជាង ១ខែ ដោយវិបត្តិកូវីដ-១៩ ដើម្បីស្វែងរកក្រុមខ្លាំងឡើងបង្គ្រប់កៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដែលគ្រោងចាប់ផ្ដើមការប្រកួតនាដើមខែមីនាខាងមុខ។

ជាមួយការត្រឡប់មកវិញ នៃលីគទី២ ថ្ងៃនេះ គឺជាការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៧ ដែលនឹងមាន ៥គូ ត្រូវប្រកួតលើទីលាន ៥រាជធានី-ខេត្តផ្សេងគ្នា ពិសេសជំនួបដ៏ជក់ចិត្តនៅរាជធានីភ្នំពេញ ដែលជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ U21 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង។

បច្ចុប្បន្នក្រុមទាំងពីរ គឺមាន ១៦ពិន្ទុស្មើគ្នា បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតឈ្នះ៥ និងស្មើ ១។ ហេតុនេះ ទាំងក្រុម U21 កងយោធពលខេមរភូមិន្ទ និងខេត្តព្រៃវែង សុទ្ធតែត្រូវការឈ្នះរៀងខ្លួន ដើម្បីប្រជែងកៅអីកំពូលតារាង ពិសេសខេត្តព្រៃវែង ដែលមានអាទិភាពឡើងលេងលីគកំពូល ផ្ទុយពីក្រុមយុវជនកងយោធពលខេមរភូមិន្ទ គឺពុំមានសិទ្ធនោះទេ ព្រោះពួកគេជាក្រុមបុត្រសម្ព័ន្ធរបស់ក្លិបលីគកំពូល។

ក្រឡេកទៅចាប់អារម្មណ៍គូប្រកួតផ្សេងទៀត គឺមានខេត្តស្វាយរៀង ត្រូវបើកទ្វារផ្ទះទទួលខេត្តត្បូងឃ្មុំ, ខេត្តកោះកុង ជួបក្រុមភ្ញៀវ U21 ភ្នំពេញក្រោន ។ ចំណែកក្រុម ISI ដង្កោសែនជ័យ ត្រូវជួបក្រុមម្ចាស់ផ្ទះឬទ្ធីសែន នៅទីលានវិទ្យាល័យកំពង់ត្រឡាច និងក្រុមសៀមរាបអែហ្វស៊ី ត្រូវជួបខេត្តកំពង់ស្ពឺ នៅទីលានវិទ្យាល័យអង្គរ ដែលគ្រោយនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៣រសៀលដូចគ្នា។

សូមបញ្ជាក់ថា បច្ចុប្បន្នលីគទី២ កម្ពុជា នៅសល់ការប្រកួតសន្សំពិន្ទុ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ខណៈកម្មវិធីប្រកួតថ្មី ក្រោយបញ្ហាកូវីដ-១៩ គណៈកម្មការបានកំណត់ពេលវេលាបញ្ចប់ការប្រកួតត្រឹមរយៈពេល ១៩ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១២-៣០ ខែមករា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីចប់ការប្រកួតសន្សំពិន្ទុ ក្រុមឈរកំពូលតារាង ៤ក្រុម នឹងបន្ដធ្វើការប្រកួតតាមដំណាក់កាល ដោយក្រុមលេខ៤ ត្រូវប៉ះក្រុមលេខ៣ ហើយក្រុមឈ្នះ ត្រូវឡើងជួបក្រុមឈរលេខ២ ដើម្បីយកក្រុមឈ្នះ ឡើងទៅជួបក្រុមកំពូលតារាងកាត់សេចក្ដីរកក្រុមជើងឯក៕