(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធ Paulo Dybala នឹងបាត់មុខពីក្លិបសេះបង្កង់ Juventus ជិត ៣សប្តាហ៍ ដើម្បីសម្រាកព្យាបាលរបួសជង្គង់ដែលទទួលពីការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅក្នុងការប្រកួតលីគ Serie A របស់ប្រទេសអ៉ីតាលី។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន វ័យ ២៧ឆ្នាំ Dybala បានប៉ះទង្គិចគ្នាជាមួយខ្សែការពារ Sassuolo ក្នុងប្រកួតដែលពួកគេបានយកឈ្នះ ៣-១ ក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Turin កាលពីរាត្រីថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

ភ្លាមៗនោះដែរ Dybala ក៏ត្រូវបានជំនួសដោយមិត្តរួមក្រុម Dejan Kulusevski នៅនាទី៤៣ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យឃើញថា មិនអាចបន្តការប្រកួតទៀតបានក្នុងកីឡដ្ឋាន Allianz Stadium។

នៅថ្ងៃចន្ទម្សិលមិញនេះ ក្លិបសេះបង្កង់ Juventus ក៏បានបញ្ជាក់ពីបញ្ហារបួសរបស់ Paulo Dybala ស្ថិតក្នុងដំណាក់កាលមិនធ្ងន់ធ្ងរនោះទេក្នុងរបួសជង្គង់ឆ្វេងរបស់គេ ដែលត្រូវបានសម្រាកព្យាបាលនៅចន្លោះពី ១៥ទៅ២០ប៉ុណ្ណោះ។

ពិតប្រាកដណាស់ ដៃគូប្រយុទ្ធជាមួយ Cristiano Ronald និង Alvaro Morata នឹងអវត្តមានពេល Juventus ប៉ះ Genoa នៅរាត្រីថ្ងៃពុធស្អែកនេះក្នុងយុទ្ធនាការ Coppa Italia ជាមួយនឹងកម្មវិធី Supercoppa Italiana ទល់នឹង Napoli សប្តាហ៍ក្រោយ និង ៣ប្រកួតផ្សេងទៀតពេល Juventus ប៉ះ Inter Milan, Bologna និង Sampdoria នៅលីគកំពូល Serie A ថែមទៀតផង៕