(ភ្នំពេញ)៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៏បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយកីឡាករចាំទី ស៊ូ យ៉ាទី សម្រាប់រដូវកាលថ្មីខាងមុខឆ្នាំ២០២១។

ស៊ូ យ៉ាទី ជាអតីតកីឡាករនៃក្លិបបៀលប្រាយនៅឆ្នាំ២០០៦ និងបន្តចូលរួមជាមួយក្រសួងការពារជាតិឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ យ៉ាទី ក៏បានចូលរួមជាមួយភ្នំពេញក្រោនឆ្នាំ២០១៣-២០១៥ ហើយចូលរួមជាមួយបឹងកេត ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ មុនពេលផ្លាស់ទៅណាហ្គា នាពាក់កណ្តាលរដូវកាលឆ្នាំ២០១៨។ ឆ្នាំ២០១៨ ជើងទី២ យ៉ាទី បានមកចូលរួមជាមួយក្លិបណាហ្គាវិញរហូតមកដល់បច្ចុប្បន្ន និង ថែមទាំងបានជួយឲ្យក្រុមទទួលបានពានរង្វាន់លីគកំពូលផងដែរ។

បន្ថែមលើនេះ ស៊ូ យ៉ាទី ក៏ធ្លាប់ជួយក្លិបក្រោនឈ្នះជើងឯកលីគកំពូលកម្ពុជាម្តងក្នុងឆ្នាំ២០១៤ និងជួយឲ្យបឹងកេតឈ្នះជើងឯកលីគកម្ពុជា បាន២ដងក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ព្រមទាំងជួយឲ្យណាហ្គាឈ្នះជើងឯកលីគឆ្នាំ២០១៨ បើទោះជារូបគេទើបចូលបានពាក់កណ្តាលរដូវកាល៕