(ក្រុងឡុងដ៍)៖ លោក Phil Neville នឹងចូលកាន់តំណែងជាគ្រូបង្វឹកបង្គោលក្នុងក្លិប Inter Miami របស់អតីតមិត្តរួមក្រុម David Beckham នៅពេលកិច្ចសន្យាក្នុងការដឹកនាំក្រុមជម្រើសជាតិស្រ្តីអង់គ្លេសអស់សុពលភាពហើយនោះ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអង់គ្លេស វ័យ ៤៧ឆ្នាំ បានផុតកិច្ចសន្យាជាមួយជម្រើសជាតិស្រ្តីអង់គ្លេសតាំងពីខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ តែត្រូវបានពន្យារពេលនៅអំឡុងដែលវិបត្តិ Covid-19 ផ្ទុះខ្លាំង គ្រាដែលចូលកាន់តំណែងនេះកាលពីក្នុងខែមករា ឆ្នាំ២០១៨ កន្លងទៅ។

Phil Neville នឹងត្រូវជំនួសកៅអីគ្រូបង្វឹក Diego Alonso ដែលត្រូវបានបញ្ចប់តំណែងកាលពីសប្តាហ៍មុន ក្រោយពេលដឹកនាំលេងនៅរដូវកាលដំបូងក្នុងយុទ្ធនាការ Major League Soccer របស់អាមេរិកមិនទទួលបានផ្លែផ្កា។

អតីតខ្សែការពាររបស់ក្លិប Manchester United, Everton និងក្រុមតោកំណាចអង់គ្លេស Neville បានដឹកនាំក្រុមស្រ្តីអង់គ្លេសឈ្នះជើងឯកពាន SheBelieves Cup ឆ្នាំ២០១៩ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ FIFA Women World Cup ក្នុងឆ្នាំជាមួយគ្នា មុនពេលដឹកនាំធ្លាក់ទម្រង់លេងដល់បច្ចុប្បន្ន៕