(តួកគី)៖ ក្រុមប្រឹក្សាប្រកួតប្រជែងតួកគីបានប្រកាសឱ្យដឹងថា រដ្ឋាភិបាលតួកគី បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតទៅលើ ក្រុមហ៊ុន WhatsApp និង Facebook បន្ទាប់ពី WhatsApp បានធ្វើកំណែទម្រង់ថ្មី ដោយអនុញ្ញាតឱ្យ Facebook ប្រមូលទិន្នន័យពីអ្នកប្រើប្រាស់បានដូចជាលេខទូរស័ព្ទ និងទីតាំង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមប្រឹក្សាប្រកួតប្រជែងតួកគី បានចេញបំរាមថ្មីមួយតម្រូវឱ្យ Facebook និង WhatsApp ផ្អាកធ្វើការ Share Data (ទិន្នន័យអ្នកប្រើ) សិន រង់ចាំការស៊ើបអង្កេត រួចរាល់។

គោលការណ៍ថ្មីរបស់ WhatsApp តម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការ Share Data ជាមួយនឹងបណ្ដាញសង្គម Facebook ដោយសារតែ Facebook ជាមេធំរបស់ខ្លួន ប៉ុន្តែគោលការណ៍ថ្មីនេះ ត្រូវបានអ្នកប្រើប្រាស់ជាច្រើនមិនពេញចិត្តនោះទេ ជាពិសេសអ្នកប្រើប្រាស់នៅក្នុង ប្រទេសតួកកី បាននាំគ្នាបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ដោយប្រើ hashtag ថា #DeletingWhatsapp។

យោងតាមរបាយការណ៍ដែលចេញដោយរដ្ឋាភិបាលតួកគីបានឱ្យដឹងថា មានអ្នកប្រើ WhatsApp ជាច្រើនបានងាកទៅប្រើកម្មវិធីជជែក កម្សាន្តរបស់ប្រទេសខ្លួនវិញ និងខ្លះទៀតប្រើកម្មវិធីពេញនិយមផ្សេងៗដូចជា BiP, Dedi, Signal និង Telegram ជាដើម ក្រោយ ពេល លោកប្រធានាធិបតីតួកគី Recep Tayyip Erdoğan អំពាវនាវឱ្យអ្នកប្រើ WhatsApp ប្ដូរទៅប្រើ BiP និង Dedi វិញ៕