(កូរ៉េ)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In បានថ្លែងនាពេលថ្មីៗនេះ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២១ ថា លោកនឹងព្យាយាមគាំទ្រ K-Contents មានដូចជាក្រុមចម្រៀងបុរស BTS និងក្រុមចម្រៀងនារី BLACKPINK ដោយលោកលើកឡើងថា ប្រជាប្រិយភាពរបស់ពួកគេ គឺមានឥទ្ធិពលជាសកលតែម្តង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koeaboo នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

លោក Moon បានថ្លែងអំឡុងពេលធ្វើការផ្សាយផ្ទាល់ ចេញពី Blue House យ៉ាងដូច្នេះថា «K-Contents ដូចជា BTS, BLACKPINK និងខ្សែភាពយន្ត Parasite បានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើន ហើយក៏បានផ្តល់នូវភាពសប្បាយរីករាយ ក្តីសង្ឃឹមយ៉ាងខ្លាំងក្លា ដល់អ្នកទស្សនាជុំវិញពិភពលោក»

លោកបន្ថែមថា រដ្ឋាភិបាលនឹងបន្តគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមសិល្បករទាំងអស់ ដែលមានស្នាដៃប្រកបដោយការច្នៃប្រឌិត ជាពិសេសគឺជួយផ្សព្វផ្សាយសិល្បៈកូរ៉េ។ ដូច្នេះសិល្បៈទាំងអស់នឹងមានគំនិតច្នៃប្រឌិត ជាមួយនឹងការបញ្ចេញទេពកោសល្យ របស់ពួកគេឲ្យអស់ពីសមត្ថភាព។

បន្ថែមពីនេះ លោកក៏សន្យាថាគាំទ្រដល់វិស័យកីឡាផងដែរ ដោយនិយាយថា «អ្នកលេង និងគ្រូកីឡារបស់យើង ដែលមានជំនាញនិងទេពកោសល្យ ក៏ចូលរួមក្នុងការផ្សព្វផ្សាយ K-Contents ផងដែរ»