(ភ្នំពេញ)៖ ទោះបីមានភាពប្រឈម ដែលបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ក្ដី ក្រុមហ៊ុន អេសស៊ីជី (SCG) ដែលឈានមុខគេនៅក្នុងទីផ្សារអាស៊ាន ក្នុងវិស័យឧស្សាហកម្មផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ នៅតែបន្តផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា ជាង១២០នាក់ នៅឆ្នាំនេះ។

អាហារូបករណ៍ ដែលបានប្រគល់ជូនសិស្សនិស្សិត កាលពីដើមខែមករានេះ សំដៅជួយដល់សិស្សនិស្សិត ដើម្បីសម្រាលការលំបាក ដែលបង្កដោយជំងឺរាតត្បាតកូវីដ-១៩ និងជួយដល់ពួកគេ ក្នុងការបន្តក្ដីសុបិនសម្រាប់ការអប់រំរបស់ពួកគេ។

លោក រ៉ាតឆាយុត កាសេមឆៃសិរិ (Ratchayut Kasemchaisiri) នាយក អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងថា ទោះបីជួបប្រទះ នឹងផលប៉ះពាល់ខ្លះពីជំងឺកូវីដ-១៩ក្ដី អេសស៊ីជី នៅតែបន្តសកម្មភាពសង្គមរបស់ខ្លួន ដែលរួមចំណែកដល់សង្គមជាតិកម្ពុជា ជាប្រក្រតីដដែល ហើយការផ្ដល់អាហារូបករណ៍ គឺជាផ្នែកមួយ នៃកម្មវិធី «អេសស៊ីជី ចែករំលែកក្ដីសុបិន» ដែលបានចាប់ផ្ដើមនៅកម្ពុជា តាំងពីឆ្នាំ២០១៤មកម្ល៉េះ។

លោក រ៉ាតឆាយុត បានថ្លែងដូច្នេះថា «ឆ្នាំនេះ យើងផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិត ១២៨នាក់ ដែលគ្រួសារ និងការសិក្សារបស់ពួកគេ រងផលប៉ះពាល់ដោយសារកូវីដ-១៩។ យើងសង្ឃឹមថា អាហារូបករណ៍ទាំងនេះ នឹងជួយសម្រាលការលំបាករបស់ពួកគេបានខ្លះ និងជួយលើកទឹកចិត្តឲ្យ
ពួកគេបន្តក្ដីសុបិនរបស់ខ្លួនដើម្បីការសិក្សាបន្តទៅថ្នាក់ខ្ពស់»

យុវតី សួន ស្រីវរលក្ខណ៍ អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យវត្តកោះ នៅរាជធានីភ្នំពេញ ដែលស្ថិតក្នុងចំណោមសិស្សនិស្សិត ដែលបានទទួលអាហារូបករណ៍ពី អេសស៊ីជី បាននិយាយថា រូបនាងនិងម្ដាយជាស្ត្រីមេម៉ាយ រស់នៅសព្វថ្ងៃពឹងអាស្រ័យលើប្រាក់ចំណូលពីបងប្រុសពីរនាក់របស់នាង។

យុវតី ស្រីវរលក្ខណ៍ និយាយថា បងប្រុសទាំង២នាក់របស់នាង បានធ្លាក់ចុះចំណូលយ៉ាងខ្លាំង បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ និងថា ការធ្លាក់ចំណូលនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់គ្រួសារនាង។

យុវតី សួន ស្រីវរលក្ខណ៍ និយាយយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណដល់ អេសស៊ីជី ដែលបានផ្ដល់អាហារូបករណ៍ដល់ខ្ញុំ ដែលបានជួយសម្រាលការលំបាកមួយផ្នែក របស់គ្រួសារខ្ញុំ និងជួយខ្ញុំឲ្យមានកម្លាំងចិត្ត ផងដែរ»

យុវសិស្ស លាង វ៉ាន់សាក់ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជាស៊ីម សាមគ្គី ដែលបានទទួលអាហារូបករណ៍ផងដែរ បាននិយាយថា ជំងឺកូវីដ-១៩ បានជះផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ចំណូលគ្រួសាររបស់ខ្លួន។

យុវសិស្ស វ៉ាក់សាក់ និយាយយ៉ាងដូច្នេះថា «ប្រាក់អាហារូបករណ៍ពីក្រុមហ៊ុន អេសស៊ីជី បានជួយសម្រាលការលំបាករបស់គ្រួសារខ្ញុំ បានមួយចំណែក។ ខ្ញុំសូមអរគុណដល់ អេសស៊ីជី។ ខ្ញុំនឹងខិតខំ រៀនសូត្រ។ ទៅថ្ងៃមុខ ខ្ញុំចង់ក្លាយជាវិស្វករស៊ីវិលមួយរូប»

ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេសស៊ីជី បានផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតសរុបជាង ១៣០០នាក់ នៅក្នុងប្រទេសកម្ពុជា នៅក្រោមកម្មវិធី «អេសស៊ីជី ចែករំលែកក្ដីសុបិន» របស់ខ្លួន។

នៅឆ្នាំនេះ ទោះបីមានភាពប្រឈមដោយសារកូវីដ-១៩ក្ដី អេសស៊ីជី នៅតែប្ដេជ្ញាចិត្តជាបន្ត ក្នុងការជួយដល់យុវជនកម្ពុជា ដើម្បីសម្រេចក្ដីសុបិនសម្រាប់អនាគត ដែលពួកគេចង់បាន។

នៅឆ្នាំ២០២០ អេសស៊ីជី ក៏បានផ្ដល់អំណោយសង្គ្រោះ ជាគ្រឿងឧបភោគបរិភោគ ដល់គ្រួសារជាច្រើនពាន់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់; បានបរិច្ចាគប្រអប់សុវត្ថិភាព វេជ្ជសាស្ត្រដល់ក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបានចែកម៉ាស និងទឹក
អាល់កុលលាងសម្អាតដៃ ដល់សាធារណជនផងដែរ។

លើសពីនេះទៀត អេសស៊ីជី ក៏បានបរិច្ចាគស៊ីម៉ងត៍ និងគ្រឿងសំណង់ ដែលមានទឹកប្រាក់ជាច្រើនពាន់ដុល្លារទៅដល់សាលាដូង នៅឧទ្យានជាតិ
គិរីរម្យ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ថែមទៀតផង៕