(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា នឹងរៀបចំមហាសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំថ្មី នៅថ្ងៃទី១៨ ខែមករាខាងមុខ ហើយក្នុងឱកាសនោះ ក៏នឹងមានការរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីបើកយុទ្ធនាការនានា ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ នៅថ្ងៃទី១២ ខែមករានេះថា មហាសន្និបាតខាងលើនឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងតំណាងរាជធានី-ខេត្ត ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ លើកទិសដៅការងារឆ្នាំថ្មី និងការដោះស្រាយបញ្ហាប្រឈមកាលពីឆ្នាំចាស់ ហើយជំរុញការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ទន្ទឹមជាមួយគ្នាដោយមើលឃើញនេះជាឱកាសល្អ សម្រាប់ការបើកយុទ្ធនាការអប់រំសង្គមទូទាំងប្រទេស ថ្នាក់ដឹកនាំ CAMSOC បានសម្រេចរៀបចំសិក្ខាសាលាថ្នាក់ជាតិ រួមគ្នាជាមួយមហាសន្និបាតនេះ ដោយផ្ដោតសំខាន់លើយុទ្ធនាការជាតិ ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូចជាការផ្សព្វផ្សាយពីយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ» និងយុទ្ធនាការ «កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញឿន» ជាដើម។

អគ្គលេខាធិការដដែលបានរំឮកថា ឆ្នាំ២០២១ គឺជាការចាប់ផ្ដើមការងារស៊ីហ្គេម ឆ្នាំ២០២៣ ដែលគណៈកម្មការជំនាញទាំងអស់ រួមទាំងគ្រប់ភាគីពាក់ព័ន្ធត្រូវចាប់ផ្ដើមអនុវត្តការងារ ត្រៀមលក្ខណៈឲ្យបានរួចរាល់ សម្រាប់ត្រៀមការប្រកួតមុនស៊ីហ្គេម ឬ Pre-SEA Games នៅឆ្នាំ២០២២ ហើយចូលដល់ឆ្នាំ២០២៣ គឺជាឆ្នាំស៊ីហ្គេមតែម្ដង។ ហេតុនេះមហាសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិខាងលើ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងយុទ្ធសាស្ដ្រឆ្ពោះទៅស៊ីហ្គេមលើកដំបូងនៅកម្ពុជា៕