(ស៊ាងហៃ)៖ ការលក់ស្មាតហ្វូននៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនធំជាងគេបំផុតនោះ បានធ្លាក់ជាង ២០ភាគរយ នៅក្នុងឆ្នាំ២០២០ ដោយក្នុងនោះបញ្ហាដែលបណ្ដាលឱ្យធ្លាក់ចុះខ្លាំងពីមកពីជំងឺរីករាតត្បាតកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

បណ្ឌិត្យសភាព័ត៌មាននិងគមនាគមន៍ចិន (CAICT) បានប្រកាសឱ្យដឹងថា តួលេខនៃការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន នាឆ្នាំ២០២០ បានធ្លាក់ចុះ ២០.៤ភាគរយ ពោលគឺធ្លាក់ចុះមកនៅត្រឹម ២៩៦លានគ្រឿង ខណៈដែលកាលពីឆ្នាំ២០១៩ មានចំនួន ៣៧២លានគ្រឿង។

CAICT បានរកឃើញថា មូលហេតុចម្បងដែលបណ្ដាលឱ្យតួលេខនៃការលក់ធ្លាក់ចុះនេះគឺមកពីបញ្ហាជំងឺកូវីដ-១៩ ដែល បាន ផ្ទុះឡើងនៅក្នុងប្រទេសចិន និងបញ្ហាមួយទៀតគឺ ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ បានពន្យារពេលក្នុងចេញម៉ូដែលថ្មី ទើប ធ្វើឱ្យអ្នកប្រើប្រាស់ត្រូវរង់ចាំ ខណៈដែលតួលេខនៃការលក់ស្មាតហ្វូននៅក្នុងខែធ្នូ ឆ្នាំ២០២០ មានចំនួនរហូតដល់ ២៥.៣លានគ្រឿង។

ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុក និងក្រៅស្រុកទាំងអស់បានរំពឹងថា ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិននឹងកើនឡើងវិញ នៅ ឆ្នាំ២០២១ ក្រោយពេលដែលស្មាតហ្វូនម៉ូដែលថ្មីត្រូវបានប្រកាសបង្ហាញ ជាពិសេសគឺភ្ជាប់មកនូវបច្ចេកវិទ្យា 5G ៕