(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មី២០២០-២០២១ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២១ ។ នេះបើតាមការអះអាងរបស់លោកបណ្ឌិត ផុន ណាវិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅថ្ងៃទី១២ ខែមករាឆ្នាំ២០២១។

បើតាមលោកបណ្ឌិត ផុន ណាវិន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដែលជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ មានសិស្សដែលទើបជាប់បាក់ឌុបថ្មីបានមកចុះឈ្មោះចូលសិក្សា និងមកយកទម្រង់ពាក្យចុះឈ្មោះចូលរៀនទៅបំពេញ ជាង១០០០នាក់ហើយ។

លោកបណ្ឌិត ផុន ណាវិន បានបន្តថា បើតាមការស្ទង់មតិសិស្សដែលមកយកទម្រង់ចុះឈ្មោះចូលសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា សម្រាប់ឆ្នាំសិក្សា ២០២-២០២១នេះ អាចមានចំនួនចន្លោះពី២,៥០០នាក់ ទៅ ៣,០០០នាក់។

លោកនាយកវិទ្យាស្ថានរូបនេះ បានឱ្យដឹងថា សម្រាប់សិស្សទាំងអស់នោះភាគច្រើនពួកគេបានចាប់អារម្មណ៍ និងជ្រើសរើសមុខជំនាញថ្មីៗ ដែលវិទ្យាស្ថានទើបទទួលបានការអនុញ្ញាតពីក្រសួងអប់រំយុវជន និងកីឡា រួមមាន៖

* ថ្នាក់បរិញ្ញាបត្រ (Bachelor), ហិរញ្ញវត្ថុ និងធនាគារ (Finance and Banking), គណនេយ្យ (Accounting), បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech), បច្ចេកវិទ្យាព័ត៌មានធុរកិច្ច (Business IT), ពាណិជ្ជកម្មអន្តរជាតិ (International Business), គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង (Risk Management and Insurance), គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ (Supply Chain Management and Logistic)

សម្រាប់ឆ្នាំសិក្សា២០២០-២០២១នេះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) និងកំពុងចុះឈ្មោះចូល២០២១ រួមមានថ្នាក់ ថ្នាក់ហិរញ្ញវត្ថុ និងធនាគារ (Finance and Banking), គ្រប់គ្រង (Management), ថ្នាក់ហិរញ្ញវត្ថុ (Finance) ជាដើម។ល។

លោកបណ្ឌិត ផុន ណាវិន បានបន្ថែមថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏មានការផ្តល់ជូនអាហារូបករណ៍ជូនសិស្សនិស្សិត សម្រាប់ឆ្នាំសិក្សាថ្មីនេះ ដែលជាអាហាររូបករណ៍១០០ភាគរយ របស់ម្ចាស់ភាគហ៊ុន របស់ធនាគារ អេស៊ីលីដា ដោយលោកបានជួយអាហាររូបករណ៍ចំនួន១០០កន្លែង សម្រាប់រយ:ពេល៤ឆ្នាំ។

ក្រៅពីការផ្តល់ជូនអាហារូបករណ៍ ១០០ភាគរយ ចំនួន១០០កន្លែងនេះ សម្រាប់វិទ្យាស្ថានផ្ទាល់ ក៏មានអាហារូបករណ៍មួយចំនួនសម្រាប់សិស្ស និស្សិត ដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ-១៩។ ដោយមានការផ្តល់ជូនអាហារូបករណ៍ ៣០ភាគរយ នៃថ្លៃសិក្សារបស់វិទ្យាស្ថាន សម្រាប់រយ:ពេល៤ឆ្នាំ។ ព្រមទាំងមានការប្រឡងចូលចាប់ពី៤០ ដល់៥០ ឬរហូតដល់១០០ភាគរយមួយចំនួនផងដែរ។ នេះជាបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ផុន ណាវិន។

លោកបណ្ឌិត ផុន ណាវិន បានបញ្ជាក់ថា វិទ្យាស្ថានសូមអះអាងថា នឹងគោរពតាមគោលនយោបាយ SOP គឺការរក្សាគម្លាត រក្សាអនាម័យ ការលាងដៃ ព្រមទងបន្ទប់ទឹក និងការរៀបចំកៅអីអង្គុយ គឺធ្វើឡើងតាមស្ទង់ដារ ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ចំនួន គឺសិស្ស២៥នាក់ ក្នុងមួយបន្ទប់៕