(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Atletico Madrid រកបានជ័យជម្នះស្រួលទៅលើគូប្រជែង Sevilla ក្នុងលទ្ធផល ២-០ កើនពិន្ទុបាន ៤១ពិន្ទុនាំកំពូលតារាង La Liga ដល់ទៅ ៤ពិន្ទុនៅពេលក្រុមលេខ២ មាន ៣៧ពិន្ទុ។

Angle Correa និង Saul រកបានម្នាក់ ១គ្រាប់ដូចគ្នានៅកីឡដ្ឋាន Metropolitano នៅរាត្រីថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ ដែលជារួមចំណែកពីរួមក្រុម Kieran Trippier និង Llorente ដើម្បីជួយក្រុមរបស់លោក Diego Simoene លេងមិនចាញ់គិតចាប់តាំងពីចុងខែវិច្ឆិកាដល់បច្ចុប្បន្នក្នុងលីគកំពូលអេស្ប៉ាញ La Liga។

នៅពេលនេះ Atletico Madrid បានបញ្ចប់កំណត់ត្រាលេងមិនចាញ់របស់ Sevilla ក្នុងចំណោម ១០ប្រកួតចុងក្រោយគ្រប់កម្មវិធីរបស់ពួកគេបានហើយ ហើយក៏ជាក្រុម (AT) ដែលនៅសល់ ២ប្រកួតក្នុងដៃថែមទៀតដែរ នៅពេលដែលក្រុមការពារតំណែងជើងឯក Real Madrid លេងបាន ១៨ប្រកួតហើយនោះ។

Atletico Madrid បានខកខានលើកពាន La Liga មានរយៈពេល ៧ឆ្នាំមកហើយ គិតចាប់តាំងពីបានឈ្នះចុងក្រោយក្នុងឆ្នាំ២០១៤ មក ដោយបន្ទាប់ពីនោះឈ្នះតែ FC Barcelona និង Real Madrid ប៉ុណ្ណោះ ក្នុងចំនួនសរុប១០ដង និងរងជើងឯកបាន ១០លើកដូចគ្នារបស់ក្រុមប្រចាំទីក្រុង Madrid ដូច Real ដែរ៕