(ភ្នំពេញ)៖ សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងក្រុមយុវជន U21 កងយោធពលខេមរភូមិន្ទ(ទ័ព) បានចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្នុងជំនួបដណ្ដើមកៅអីកំពូលតារាងលីគទី២ កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោយបញ្ចប់ការប្រកួត ៩០នាទីដ៏តានតឹងត្រឹមស្មើគ្នា ១-១។ ចំណែកក្រុមបាល់ទាត់ឫទ្ធីសែន និងកោះកុងអែហ្វស៊ី បានអស់ឱកាសប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ(Top-4) បន្ទាប់ពីចាញ់រៀងៗខ្លួន។

ក្នុងជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានស្ដាតចាស់នេះ ក្រុមម្ចាស់ផ្ទះ U21 កងយោធពលខេមរភូមិន្ទ បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុន តាំងពីដើមវគ្គទី១។ បន្ទាប់ពីត្រូវម្ចាស់ផ្ទះនាំមុខ ព្រៃវែង បានព្យាយាមវាយបកជាខ្លាំង រហូតដល់នាទីចុងក្រោយ ក្នុងម៉ោងបន្ថែម ៥នាទីនៃវគ្គទី២ ទើបកីឡាករ វឿន វ៉ា រកបានគ្រាប់តាមស្មើ ១-១ ឲ្យសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដង។

ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុមទាំងពីរ រក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ដូចគ្នា ហើយសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានបន្ដគ្រងកៅអីកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ១៧ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយក្រុម U21 កងយោធពលខេមរភូមិន្ទ ដែរ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតឈ្នះ៥ និងស្មើ២ប្រកួតដូចគ្នា។

ក្រឡេកមកចាប់អារម្មណ៍ក្រុមឫទ្ធីសែន គឺបានប្រកួតចាញ់ក្រុម ISI ដង្កោសែនជ័យ ក្នុងទឹកដីរបស់ខ្លួន ដោយលទ្ធផល ១-០ ស្របពេលក្រុមកោះកុងអែហ្វស៊ី បានចាញ់ក្រុមភ្ញៀវ U21 ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ ដូចគ្នា។ ការបរាជ័យនេះ បានធ្វើឲ្យក្រុមទាំងពីរ អស់ឱកាសដណ្ដើមកៅអី Top-4 ព្រោះឬទ្ធីសែន និងកោះកុង ទើបរកបាន ៦ពិន្ទុ ខណៈសល់ត្រឹម ២ប្រកួតក្នុងដៃ។

ចំណែកក្រុម U21 ភ្នំពេញក្រោន និងក្រុម ISI ដង្កោសែនជ័យ ព្រមទាំងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលបានយកឈ្នះខេត្តស្វាយរៀង ៩-២ គឺបន្ដឈរលេខរៀងលេខ៣ លេខ៤ និងលេខ៥ ដោយរកបាន ១៣ពិន្ទុស្មើគ្នា។ រីឯក្រុមសៀមរាបអែហ្វស៊ី បានយកឈ្នះខេត្តកំពង់ស្ពឺ ៦-០ ដើម្បីរក្សាឱកាសដណ្ដើមកៅអីវគ្គបន្ដ។ ចំពោះខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ ក៏ជាក្រុមអស់ឱកាសដណ្ដើមកៅអី Top-4 ដែរ៕