(ឡុងដ៍)៖ ក្រុមបាល់ទាត់ដែលស្ថិតក្នុងលីគអស់គ្លេស Premier League កំពុងជួបភាពវឹកវរនៅបាតតារាង Sheffield United នៅពេលនេះ ទើបរកបានជ័យជម្នះ ១ប្រកួតដំបូងរដូវកាលនេះ ក្រោយយកឈ្នះក្រុមភ្ញៀវ Newcastle United ១-០ នៃសប្តាហ៍ទី១៨ ជិតបញ្ចប់ជើងទី១។

ក្រុមដែលដឹកនាំដោយលោក Chris Wilder អាចរកបានជ័យជម្នះ ក្រោយពេលដែលសមាជិកក្រុមភ្ញៀវ Newcastle United កីឡាករ Ryan Fraser ត្រូវបានបណ្តេញចេញពីទីលាន ដោយទទួលបានកាតក្រហមចុងតង់ទី១ ដែលបង្កកំហុសទៅកីឡាករ John Fleck និង David McGoldrick ត្រឹមរយៈពេលតែ ៣នាទី។

ការសម្រេចគ្រាប់បាល់ប៉េណាល់ទី ១គ្រាប់ដែលជាគ្រាប់ជ័យជម្នះនោះ កើតឡើងដោយការស៊ុតរបស់កីឡាករបម្រុង Billy Sharp នៅនាទី៧៣ នៅពេលដែលសមាជិកក្រុមភ្ញៀវ Federico បានយកដៃប៉ះបាល់ក្នុងតំបន់ពិន័យបាល់ ១១ម៉ែត្រនៅក្នុងកីឡដ្ឋាន Bramall Lane។ ១គ្រាប់របស់ Sharp នោះដែរ ក៏ជាគ្រាប់បាល់ទី៩ ក្នុងលីគរបស់ Sheffield នារដូវកាលនេះផងដែរ។

បច្ចុប្បន្ន Sheffield United រកបាន ៥ពិន្ទុពីការប្រកួត ១៨លើករបស់ពួកគេ ដោយចាញ់ ១៥លើក ខុសឆ្ងាយពីរដូវកាលឆ្នាំ២០១៩-២០២០ ដែលបានបញ្ចប់នៅលេខ៩ ក្នុងតារាងពិន្ទុ Premier League៕