(អាមេរិក)៖ ក្រុមហ៊ុនយក្សអាមេរិក Google បានចេញមុខប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតទាក់ទងវ៉ាក់សាំងកូវីដ-១៩ ដោយ បាន សម្រេច បង្កើតមូលនិធិមួយដែលមានឈ្មោះថា «COVID-19 Vaccine Counter Misinformation Open Fund» ជាមួយនឹង កញ្ចប់ទឹកប្រាក់ ៣លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មូលនិធិនេះនឹងជួយគាំទ្រដល់អ្នកសារព័ត៌មាន អង្គការ និងស្ថាប័ន ផ្សេងៗ ដែលស្រាវជ្រាវពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ-១៩ និងព័ត៌មានមិនពិតទាក់ទឹងកូវីដ-១៩ ដោយក្នុងនោះពួកគេអាចលើកជាគម្រោង និងស្នើ សុំ មូលនិធិ ដើម្បីគាំទ្រ ក្នុងកញ្ចប់ថវិកាមួយនៃថវិការួម ៣លានដុល្លារអាមេរិក។

«កន្លងមកយើងឃើញមានព័ត៌មានមិនពិតជាច្រើនបានផ្ទុះឡើងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលជាហេតុបង្កឱ្យមានចលាចល និង ហានិភ័យ ដល់មនុស្សជាតិ ដូច្នេះហើយទើប Google សម្រេចចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងសកម្មភាពមួយនេះ» ។ នេះជាសំដីរបស់អ្នកនាំពាក្យ Google ថ្លែងប្រាប់សារព័ត៌មាន Reuters។

គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន Google បានសន្យាផ្ដល់ជំនួយ ១.៥លានដុល្លារអាមេរិក ដល់ ក្រុមសារព័ត៌មាន ដែលទាក់ទឹងវ៉ាក់សាំងកូវីដ-១៩ ដើម្បីធ្វើការស្រាវជ្រាវ៕