(មីឡាន)៖ AC Milan បន្តធ្វើដំណើរទៅវគ្គ ៨ក្រុមជាបន្តទៀតមុនគេ ដើម្បីប្រជែងយកពានកម្រិតទី២ របស់អ៉ីតាលី Coppa Italia បើទោះបីយកឈ្នះ Torino ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៥-៤ ក៏ដោយ។

ក្រុមរបស់លោក Stefano Pioli ដែលមានតារាជើងស៊ុត Ztalan Ibrahimovic មិនអាចធ្វើអ្វីក្រុមដែលជាសមាជិកមកពី Serie A, Torino បានទេរហូតដល់ ១២០នាទីនៅកីឡដ្ឋាន San Siro នៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ មុនពេល បាល់ ១១ម៉ែត្រកាត់សេចក្តី។

ជាលទ្ធផល កីឡាករទាំង ៥នាក់របស់ក្រុមម្ចាស់ផ្ទះ AC Milan សុទ្ធសឹងទាត់ចូលទាំងអស់ នៅពេល Tomas Rincon របស់ Torino ដែលបរាជ័យក្នុងការទាត់គ្រាប់ទី៤ នោះ។

AC Milan ត្រូវរង់ចាំគូប្រកួតខ្លាំងៗមានដូចជា Inter Milan, Roma, Atalanta, Lazio និងជាពិសេសក្រុមរងជើងឯកឆ្នាំទៅ Juventus និងការពារតំណែងជើងឯក Napoli ដែលនឹងធ្វើការប្រកួតបន្តបន្ទាប់ក្នុងសប្តាហ៍នេះ ដើម្បីស្វែងកៅអីឡើងទៅវគ្គ ១/៤ ដូចគ្នា៕