(អាមេរិក)៖ ប្រាក់ចំណូលវិស័យភាពយន្តហូលីវូដ បានធ្លាប់ចុះយ៉ាងខ្លាំង ពោលគឺរហូតដល់៨០ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន នៅក្នុងឆ្នាំ២០២០ ខណៈការធ្លាក់ចុះនេះ គឺបណ្តាលមកពីជំងឺរាតត្បាតសាកលកូវីដ១៩ ដែលតម្រូវឲ្យរោងភាពយន្តនានាត្រូវបានបិទទ្វារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

បើតាមរបាយការណ៍ពីស្ថាប័ន Comscore បានឲ្យដឹងនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា ប្រាក់ចំណូលនៃវិស័យភាពយន្តរបស់អាមេរិកក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២.២ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺមានការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅឆ្នាំ២០១៩ ដោយទទួលបានរហូតដល់ទៅ ១១.៤ ពាន់លានដុល្លារ។

បើតាមទិន្នន័យពី Bos Office Mojo បានឲ្យដឹងថា នេះគឺជាការធ្លាក់ចុះមិនធ្លាប់មាន គិតក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ខណៈកាលពី ឆ្នាំ១៩៨១ ប្រាក់ចំណូលពីវិស័យភាពយន្តអាមេរិក មានការធ្លាក់ចុះជាមួយនឹងប្រាក់ចំណូល ៩១៨លានដុល្លារ ក្នុងមួយឆ្នាំ ដោយកាលណោះ រឿង «Superman II» ជាខ្សែភាពយន្តធំបំផុត។

គួរជម្រាបថា ពាក់ព័ន្ធនឹងការធ្លាក់ចុះប្រាក់ចំណូលនៅពេលនេះ Comscore មិនបានបញ្ជាក់ពីទិន្នន័យលំអិតនៅជុំវិញពិភពលោក ប្រចាំឆ្នាំ២០២០នោះទេ ប៉ុន្តែបើតាម Variety បាននិយាយថា ការធ្លាក់ចុះនៅជុំវិញពិភពលោក គឺប្រហែល ៧១ភាគរយ៕