(ញូដេលី)៖ ក្រុមហ៊ុនផលិតរថយន្ត Tesla Inc បានឈានមួយជំហ៊ានទៀត ចូលទីផ្សាររថយន្តប្រទេសឥណ្ឌានៅចុងឆ្នាំនេះ ដោយបានចុះឈ្មោះក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌារួចរាល់ហើយ បន្ទាប់ពីប្រកាសបោះទុនវិនិយោគក្នុងទីផ្សារប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុន Tesla Motors India និង Energy Private Limited បានរួមបញ្ជូលគ្នាកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ដោយបានចុះឈ្មោះ និងជ្រើសរើសទីតាំងក្រុមហ៊ុននៅភាគខាងត្បូងនៃទីក្រុង Bengaluru ដែលជាបណ្ដុំនៃក្រុមហ៊ុន បច្ចេកវិទ្យាសកលលោក។

មន្ត្រីរដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ក្រុមហ៊ុន Tesla នៅក្នុងប្រទេសឥណ្ឌាមានមេគ្រប់គ្រង់ធំៗចំនួន៣ ដោយមាន ម្នាក់ ជា បុគ្គលិក ជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុន Tesla ស្រាប់ តែពីរនាក់ទៀតគឺត្រូវជ្រើសរើសថ្មី។

រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌាលោក Nitin Gadkari បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកនឹងចាប់ផ្ដើមលក់នៅក្នុង ប្រទេសឥណ្ឌានាដំណាក់កាលដំបូង បន្ទាប់មក ចាប់ផ្ដើមដំឡើង និងផលិតនៅក្នុងប្រទេសឥណ្ឌាផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានបង្ហោះសារជាច្រើនដងនៅលើបណ្ដាញសង្គម Twitter ថា ពេលវេលាសម្រាប់ប្រទេសឥណ្ឌាបានខិតជិតមកដល់ ៕