(ភ្នំពេញ)៖ វត្តមានខ្សែការពារចំណូលថ្មីរបស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ Paddy Barrett បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង រហូតមានអ្នកខ្លះចោទជាចម្ងល់ថា ហេតុអ្វីបានជាខ្សែការពារមានបទពិសោធជោគជាំលេងនៅអឺរ៉ុបរូបនេះ សម្រេចមកប្រកបអាជីពនៅកម្ពុជា គ្រាដែលរូបគេ ធ្លាប់ទទួលបានចំណូលរ៉ាប់សែនដុល្លារក្នុង ១ខែ និងខ្ទង់លានដុល្លារក្នុង ១ឆ្នាំនោះ?

ស្របជាមួយការចង់ដឹងរបស់អ្នកគាំទ្រនេះ Paddy Barrett បានបញ្ជាក់ថា លោកក៏ហាក់ហួសចិត្ត ចំពោះការសម្រេចចិត្តដូចឆ្កួត ដែលចាកចេញពីអឺរ៉ុប។ យ៉ាងណាមិញ មានហេតុផលធំៗ ២ ដែលជំរុញឲ្យលោកឈានជើងមកក្របខណ្ឌលីគកំពូលកម្ពុជានារដូវកាលថ្មី ឆ្នាំ២០២១ ដោយទី១-តាមរយៈគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor និងទី២-ដោយសារលីគអាមេរិកមិនទាន់មានភាពច្បាស់លាស់ក្នុងការប្រកួតនៅឡើយ។

ខ្សែការពារវ័យ ២៧ឆ្នាំរូបនេះនិយាយថា «វាដូចជាឆ្កួតដែលខ្ញុំចេញពីអឺរ៉ុបមកទីនេះ។ គ្រូបង្វឹកលោក Conor បានទាក់ទៅមិត្តភក្ដិរបស់ខ្ញុំ ដែលជាគ្រូបង្វឹកនៅអៀរឡង់ឈ្មោះ Paddy Carey។ គាត់មកពីកន្លែងខ្ញុំមកដែរ គាត់ជាគ្រូបង្វឹកកំពូលម្នាក់។ ដូច្នេះពួកគាត់បានទាក់ទងខ្ញុំ ពេលខ្ញុំកំពុងលេងនៅអាមេរិក ហើយខ្ញុំចាប់ផ្ដើមជជែកលេងជាមួយ Conor ទើបខ្ញុំដឹងថា គាត់ចាប់អារម្មណ៍ខ្ញុំ។ ពេលលីគអាមេរិកបញ្ចប់ ស្របពេលវិបត្តិកូវីដ-១៩ បានគ្របដណ្ដប់លើអាមេរិក ធ្វើឲ្យលីគនៅប្រទេសនេះមានភាពមិនច្បាស់លាស់។ ដូច្នេះ Conor គឺជាកត្ដាធំដែលនាំខ្ញុំមកទីនេះ»

ប៉ុន្ដែមុនសម្រេចចិត្តមកកម្ពុជា Paddy Barrett ក៏បានសួរនាំព័ត៌មានអំពីលោក Conor ដែរ។ Paddy បន្ដថា «ខ្ញុំបានសួរមិត្តខ្ញុំ (Paddy Carey) នៅពេលខ្ញុំត្រឡប់ទៅផ្ទះវិញអំពី Conor ដែលគាត់ទទួលបានអាជ្ញាបណ្ណគ្រូបង្វឹកជាមួយគ្នា ហើយពួកគាត់បានផ្ដល់ឲ្យខ្ញុំនូវព័ត៌មានអំពីរបៀបដែល Conor ចូលចិត្តធ្វើការ របៀបដែលគាត់ជាគ្រូបង្វឹក។ វាជាអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ហើយវាជាការផ្លាស់ប្ដូរដ៏ធំមួយសម្រាប់ខ្ញុំក្នុងជីវិត។ ដូច្នេះសង្ឃឹមថា ខ្ញុំនឹងអាចសម្របខ្លួនទៅតាមពេលវេលាបានសម្រាប់ការមកប្រកបអាជីពនៅទីនេះ»

គួរដឹងថា Paddy Barrett គឺជាខ្សែការពារលំដាប់អន្ដរជាតិ ធ្លាប់លេងឲ្យក្លិបធំៗជាច្រើននៅអឺរ៉ុប ដូចជាលីគកំពូលស្កុតឡេន អៀរឡង់ និងអាមេរិកជាដើម។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ក្នុងឆ្នាំ២០១៨ ពេលខ្សែការពារកម្ពស់ ១,៨២ម៉ែត្ររូបនេះលេងឲ្យក្លិប FC Cincinnati គេទទួលបានប្រាក់ចំណូលប្រមាណ ១,៦៩៥,២៥០ដុល្លារឯណោះក្នុង ១ឆ្នាំ បូករួមទាំងប្រាក់ខែ និងប្រាក់រង្វាន់ផ្សេងៗ។ ប៉ុន្ដែចំពោះតម្លៃខ្លួនក្នុងការផ្ទេរមកលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង នៅលីគកំពូលកម្ពុជា មិនត្រូវបានទម្លាយឲ្យដឹងនោះទេ៕