(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ អាយភីនរៀលអ៊ីស្ទេតឯ.ក និងក្រុមហ៊ុនអចលនទ្រព្យ A1 រៀលីធីអ៊ិនវេសម៉ិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ភាពជាដៃគូលក់គម្រោងអចលនទ្រព្យ» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នៅសាលគម្រោងខុនដូ MorganEnmaison។ តាមរយៈកិច្ចព្រមព្រៀងនេះអាយភីននិង A1 នឹងធ្វើយុទ្ធសាស្ត្រទីផ្សាររួមគ្នា ដើម្បីពន្លឿនការលក់ខុនដូក្នុងគម្រោង MorganEnmaison ដែលមានទីតាំងស្ថិតនៅលើផ្លូវមេគង្គ ក្នុងសង្កាត់ជ្រោយចង្វា ធ្វើដំណើរពីរង្វង់មូលជ្រោយចង្វា ត្រឹមរយៈពេល៥នាទី។

លោក គួន យី នាយកប្រតិបត្តិក្រុមហ៊ុន អាយភីន បានថ្លែងថា បេសកកម្មរបស់អាយភីន គឺផ្តល់សេវាកម្មលក់គម្រោងអចលនទ្រព្យ ជូនអតិថិជនជាមួយនឹងតម្លៃសមរម្យ ទីតាំងប្រកបដោយសក្តានុពល ដែលធានាបាននូវការរីកចំរើនជានិច្ចនិរន្តន៍។ ស្ថាបនិកដែលមានបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យច្រើនឆ្នាំរូបនេះបន្ថែមថា ការចាប់ដៃគូជាមួយក្រុមហ៊ុន A1 ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យអចលនទ្រព្យនាពេលនេះ គឺដើម្បីធានាបានថា ការលក់គម្រោងខុនដូ MorganEnmaison នឹងសម្រេចបានតាមគោលដៅ ១០០ភាគរយ។

«ខ្ញុំសំឡឹងឃើញផលវិជ្ជមានពីរធំៗ ក្នុងកិច្ចព្រមព្រៀងនេះ ទីមួយក្រុមការងារអាយភីន និង A1 នឹងបានធ្វើការរួមគ្នា ក្នុងការផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងការលក់អចលទ្រព្យ ជូនអតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៅទៀតក្រុមការងារទាំងសងខាង នឹងមានឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងវិស័យនេះ។ ទីពីរ ការចាប់ដៃគ្នានេះយើងបានជ្រើសយកការលក់គម្រោង MorganEnmaison ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យធំ ធ្លាប់ទទួលបានជោគជ័យ លើគម្រោងអាគារខុនដូជាច្រើនមកហើយជាពិសេស Morgan ជាក្រុមហ៊ុនដែលមានបទពិសោធន៍ ក្នុងសិវ័យសំណង់ ជាក់ស្ដែងក្រុមហ៊ុនបានទទួលសាងសង់ ដូចជាអាគារកាណាឌីយ៉ា និងអាគារអូឡាំព្យាជាដើម។ ដូច្នេះហើយខ្ញុំជឿជាក់ថា អតិថិជនដែលជាវខុនដូ ក្នុងគម្រោងនេះតាមរយៈអាយភីនឬ A1 និងទទួលបានផលចំណេញខ្ពស់ ឬខុនដូប្រណីតសម្រាប់ជីវិតបែបស៊ីវិល័យ»។ លោក គួន យី បញ្ជាក់បន្ថែម។

ដោយឡែក លោក សេក សារ៉ាន់ ស្ថាបនិកក្រុមហ៊ុន A1 រៀលីធីអ៊ិនវេសម៉ិន បានបញ្ជាក់ថា ការសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុនអាយភីន ដើម្បីលក់ខុនដូក្នុងគម្រោង MorganEnmaison នាពេលនេះ A1 បានសិក្សាលើចំណុចយុទ្ធសាស្ត្រជាច្រើន ដោយក្នុងនោះ គឺផ្តោតសំខាន់លើការបម្រើសេវាកម្ម ដែលប្រកបដោយគុណភាព និងគុណតម្លៃដល់អតិថិជនធ្វើយ៉ាងណា ឲ្យការវិនិយោគរបស់អតិថិជន ទទួលបានផលចំណេញ និងលំនៅដ្ឋានដែលមានបទដ្ឋានលំដាប់អន្តរជាតិ។ បន្ថែមលើនេះលោកអះអាងថា កិច្ចព្រមព្រៀងនេះនឹងបន្តសិក្សាលក់គម្រោងអភិវឌ្ឍអចលនទ្រព្យមួយចំនួនទៀត ដែលមានសក្ដដានុពល និងឱកាសផ្ដល់ផលចំណេញ សម្រាប់អតិថិជនរបស់ A1 និងអាយភីន។

លោក DingYongjun អគ្គនាយកក្រុមហ៊ុន MorganGroup ថ្លែងថា Morgan អភិវឌ្ឍគំរោងអចលនទ្រព្យ ដោយផ្ដោតលើការយកចិត្តទុកដាក់លើគុណភាពគុណ តម្លៃភាពស៊ីវិល័យ ដើម្បីចូលរួមធ្វើឲ្យទីក្រុងភ្នំពេញ មានភាពស្រស់បំព្រង។ លោកបានបន្តថា បើទោះជាឆ្នាំ២០២០កន្លងទៅ សេដ្ឋកិច្ចកម្ពុជា និងសកលលោកទទួលរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ ប៉ុន្តែទីផ្សារអចនលទ្រព្យកម្ពុជាមានភាពរឹងមាំ។ ជាក់ស្ដែងគម្រោង MorganEnmaison ទទួលបានការគាំទ្រខ្លាំងពីអតិថិជនក្នុងស្រុក ខណៈគម្រោងបន្តសាងសង់ ដោយមិនមានការអាក់ខាន។ អគ្គនាយករូបនេះអះអាងថា ឆ្នាំ២០២១ជាឆ្នាំដែលនឹងត្រូវប្រកួតប្រជែងលើគុណភាព និងភាពទាន់សម័យ នៃសំណង់ខុនដូ ដើម្បីបំពេញតម្រូវនៃការរស់នៅ របស់ប្រជាពលរដ្ឋក្រុងភ្នំពេញ ដែលត្រូវការភាពទំនើប និងសុវត្ថិភាព។

គួរបញ្ជាក់ថា Morgan មានវត្តមាននៅកម្ពុជានាឆ្នាំ២០០៨ ជាក្រុមហ៊ុនទទួលការសាងសង់អគារលំដាប់អន្តរជាតិ ដូចជាអគារកាណាឌីយ៉ា អេលីហ្សេកោះពេជ្រ រតនផ្លាហ្សា សុវណ្ណា និងអូឡាំព្យាស៊ីធីជាដើម។ បន្ទាប់មកដោយមើលឃើញទីផ្សារល្អ នៅឆ្នាំ២០១៦ Morgan បានឈានជើងប្រឡូកចូលក្នុងវិស័យអចលនទ្រព្យ ដោយចាប់ផ្ដើមអភិវឌ្ឍន៍គំរោងរបស់ខ្លួន គឺ MorganTower ដែលស្ថិតនៅទីក្រុងកោះពេជ្រ,អគារ HappyLamp, គំរោង MorganPeninsulaGarden នៅកំពង់សោម ដែលលក់អស់ និងដំណើរការ១០០% និងគំរោង MorganEnmaison ដែលក្រុមហ៊ុនអាយភីន និង A1 ចាប់ដៃគ្នាលក់នាពេលនេះ៕