(មេនឆេស្ទើ)៖ កីឡាករ Paul Pogba បានថ្លែងដោយភាពជឿជាក់ថា ក្លិប Manchester United របស់គេបានត្រៀមខ្លួនរួចរាល់ហើយក្នុងជំនួបធំទល់នឹង Liverpool នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៃយុទ្ធនាការ Premier League សប្តាហ៍ទី១៨ ជើងទី១។

ខ្សែបម្រើខាងលើដែល Volley ១ជើងចូលទី Burnley យ៉ាងស្អាតយប់មិញនាំបិសាចក្រហមទៅកាន់តំណែងកំពូលលីគ កំពូលអង់គ្លេសវិញនោះ បានស្នើសុំមិត្តរួមក្រុមឲ្យបន្តខំហ្វឹកហាត់ និងអត់ធ្មត់ខ្លាំងឡើងនៅពេលប៉ះក្រុមការពារតំណែងជើងឯក ហង្សក្រហម Liverpool ជាបន្តទៀត។

Pogba បានថ្លែងប្រាប់ BBC Sport ថា «វានឹងក្លាយជាការប្រកួតមួយដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នា។ វាជាការប្រកួត ដែលអ្នកទាំងអស់គ្នាបានកំពុងទន្ទឹងរង់ចាំ នៅពេលដែលពួកយើងបានត្រៀមរួចរាល់ហើយផងដែរថាតើនឹងមានអ្វីកើត ឡើងនៅពេលនោះ?»

រឿងដ៏អស្ចារ្យមួយបច្ចុប្បន្ន Manchester United មិនទាន់ចាញ់ការប្រកួតក្រៅដីណាមួយឡើយក្នុងចំណោម ១៥ប្រកួតនៅ Premier League ក្រៅពីឈ្នះបាន ១២ដង មិនរាប់បញ្ចូលដែលពួកគេបានចាញ់នៅទឹកដី Anfield កាលពីឆ្នាំទៅ។

គួររំលឹកផងថា ក្រុមរបស់លោក Ole Gunnar Solskjaer បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ ក្នុងរដូវកាល ២០១៩-២០២០ ចាញ់ដល់ទៅ ៣០ពិន្ទុពីក្រុមឈ្នះជើងឯក Liverpool តែបាននាំមុខ ៣ពិន្ទុវិញគិតត្រឹមសប្តាហ៍ទី១៧ រដូវកាលនេះពីពិន្ទុសរុប ៣៦ពិន្ទុ គ្រាដែលក្រុមលេខ២ ហង្សក្រហមមាន ៣៣ពិន្ទុ៕