(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានធ្វើការប្រជុំត្រួតពិនិត្យ និងកែសម្រួលបទបញ្ជាការប្រកួតមួយចំនួន ដើម្បីពង្រឹងស្ដង់ដាររួមសម្រាប់អនុវត្តក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។ នេះបើយោងតាមកិច្ចប្រជុំនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលធ្វើឡើងក្រោមវត្តមានប្រធានសហព័ន្ធ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីអ្នកជំនាញ ព្រឹទ្ធាចារ្យគុនល្បុក្កតោ និងគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ ដើម្បីជជែក និងពិភាក្សា ក្នុងការកែសម្រួលបទបញ្ជាការប្រកួត មុនការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងរៀបចំនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខ។

អគ្គលេខាធិការសហព័ន្ធវ័យក្មេងដដែលបានបន្ដថា «គោលបំណងរបស់យើង ក្នុងការកែសម្រួលបទបញ្ជាការប្រកួតនេះ គឺយើងចង់សម្រួចស្ដង់ដារបទបញ្ជាបច្ចេកទេសហ្នឹងឲ្យកាន់តែល្អប្រសើរ ដើម្បីជំរុញការរៀបចំ និងដំណើរការ ការប្រកួតដើរទៅដោយរលូន មានន័យថា ទាំងគ្រប់ព្រឹទ្ធាចារ្យ និងគ្រប់សាលាគុន មានការឯកភាពគ្នាក្នុងការគោរពបទបញ្ជាការប្រកួតតែមួយ»

ឆ្លៀតក្នុងឱកាសជួបជុំគ្នានោះដែរ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ក៏បាននាំអំណោយរបស់សប្បុរសជន ដែលជាផលិតករភាពយន្ដឯកសារ «ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ ឬ Surviving Bokator» ជាថវិកា និងសម្ភារៈហ្វឹកហាត់ខ្លះឧបត្ថម្ភដល់ព្រឹទ្ធាចារ្យ និងសាលាគុនល្បុក្កតោមួយចំនួន ដែលមានការខ្វះខាត និងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ផងដែរ៕