(ភ្នំពេញ)៖ ប្រិយមិត្តប្រហែលជាបានស្តាប់ចម្រៀងថ្មី ដែលទើបបញ្ចេញក្នុងផលិតកម្ម Galaxy Navatra គឺក្រោមចំណងជើងថា «ជំនាន់ញ៉ែគ្នាតាមទស្សនាវដ្តី» ហើយ ខណៈម្ចាស់បទចម្រៀងមួយនេះ ហាក់ប្លែកមុខពីតារាដទៃក្នុងផលិតកម្ម ហើយក៏មានទស្សនិកជនខ្លះទៀត ចង់ដឹងថា តើ តារាចម្រៀងឈ្មោះ «ពូ» មានប្រវត្តិ និងមូលហេតុអ្វី ទើបបានចូលផលិតកម្មដែលកំពុងល្បី Galaxy Navatra?

បើតាមតារាចម្រៀង «ពូ» ដែលមានឈ្មោះពិតថា អេង វាសនា ផ្ទាល់បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា មុននឹងក្លាយជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra រូបលោកគឺជាពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េ។ លោកថា ខ្លួនទៅធ្វើការនៅកូរ៉េក្នុងឆ្នាំ២០១៤ ក្រោយពីបញ្ចប់អាណាត្តិរយៈពេល៣ឆ្នាំ ក៏ត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាវិញ។

តារាចម្រៀង មានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះ បានបន្តថា ដោយសារតែមានខ្លួនមាននិស្ស័យ ស្រឡាញ់ផ្នែកសិល្បៈចម្រៀងតាំងពីនៅក្មេង ពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ក៏ដាក់ពាក្យចូលធ្វើជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra នៅពេលដែលផលិតកម្មប្រកាសជ្រើសរើសតារាចម្រៀង។ បន្ទាប់ពីសាកសំឡេងរួចរាល់ ក៏ជាប់បានធ្វើជាតារាចម្រៀងក្នុងផលិតកម្មតែម្ដង។ ជាពិសេសត្រូវបានលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម និងលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងផលិតកម្ម Galaxy Navatra ផ្តល់ឱកាសឲ្យ ទើបលោកបានក្លាយជាតារាចម្រៀង ក្នុងផលិតកម្មដែលកំពុងល្បីមួយនេះ។

យ៉ាងណាមិញ ងាកមកបទចម្រៀងថ្មី ក្រោមចំណងជើងថា «ជំនាន់ញ៉ែគ្នាតាមទស្សនាវដ្តី» ដែលទើបនឹងបញ្ចេញនេះវិញ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តអ្នកស្តាប់ ត្បិតមានមហាជនមួយចំនួនមិនធ្លាប់ស្គាល់ តារាចម្រៀង ពូ ប៉ុន្តែតាមរយៈបទដែលបញ្ចេញជាបន្តបន្ទាប់ ទស្សនិកជនកាន់តែទទួលស្គាល់ ទឹកដមសំនៀងរបស់លោកតែម្តង។

គួរជម្រាបថា លោក អេង វាសនា ហៅពូ បានបញ្ចេញស្នាដៃចម្រៀងជាច្រើនក្នុងផលិតកម្ម Galaxy Navatra ក្នុងនោះបទដំបូងរបស់លោកមានចំណងជើងថា «បបួលខ្លួនឯងឲ្យញញឹម», បទបន្ទាប់គឺ «អារម្មណ៍ Sad» ច្រៀងបន្តពីកញ្ញា តន់ ច័ន្ទសីម៉ា, បទ «ចេះយំនៅពេលស្គាល់អូន», បទ «កំដរគេញ៉ែគ្នា», បទ «ត្រឹមជាក្មេងស្រែ», បទ «នឹកស្រុកកំណើត» និងបទ «ជំនាន់ញ៉ែគ្នាតាមទស្សនាវដ្តី» ដែលទើបបញ្ចេញនៅពេលនេះ៕