(អាមេរិក)៖ នាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម Parler ដែលត្រូវបានដកចេញពី Store និងត្រូវបាន Amazon បិទសេវាកម្ម កាលពីសប្ដាហ៍ មុន ដោយសារតែបានរំលោភលើគោលការណ៍ ដែលបង្កឱ្យមានភាពចលាចល បានបញ្ជាក់ថា «វាប្រហែលជាមិនអាច» ត្រឡប់មកវិញបាននោះទេ។

លោក John Matze នាយកប្រតិបត្តិ Parler បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា បណ្ដាញសង្គម Parler ប្រហែលជាមិនអាចត្រឡប់មកវិញដូចដើមនោះទេ ហើយមូលហេតុដែលមិនអាចនោះគឺមកពីបណ្ដាញសង្គមមួយនេះត្រូវបានគេចាត់ទុកថា ជាបណ្ដុំនៃសកម្មជនគាំទ្រលោក ដូណាល់ ត្រាំ។

លោក Matze បាននិយាយថា «វាប្រហែលជាមិនអាច» ត្រឡប់មកវិញទេ ហើយ «យើងក៏មិនដឹងថា វាទៅជាយ៉ាងណា» នោះដែរ។ លោក Matze បានបន្តទៀតថា ក្រោយពេល Amazon បិទសេវាកម្ម Cloud លោកបានព្យាយាមស្វែងរកក្រុមហ៊ុនជាច្រើន ដើម្បីឱ្យជួយ ប៉ុន្តែគ្មានក្រុមហ៊ុនណាយល់ព្រមនោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ក្រុមហ៊ុនណាមួយឡើយ។

នាយកប្រតិបត្តិរូបនេះក៏បានលើកឡើងផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Parler បានប្ដឹងក្រុមហ៊ុន Amazon ឱ្យដោះស្រាយទៅលើបញ្ហាបិទសេវាកម្មរបស់ខ្លួន ដោយពាក្យបណ្ដឹងបានដាក់រួចរាល់ហើយ ប៉ុន្តែនៅមិនទាន់បានចម្លើយពីខាងតុលាការវិញនោះទេ ខណៈដែល នៅពេល នេះលោកហាក់ដូចជាគ្មានសង្ឃឹមថា បណ្ដាញសង្គម Parler នឹងអាចត្រឡប់មកវិញ៕