(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា ក្នុងការផ្លាស់ប្ដូរទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី២៥ ឆ្នាំ២០២០ នៅខេត្តសៀមរាប ដែលគ្រោងរៀបចំនាថ្ងៃទី២៤ ខែមករាខាងមុខ មកជាការត់ដោយស្ម័គ្រចិត្តខ្លួនឯង ឬ Virtual Run វិញ។

សេចក្ដីប្រកាសខាងលើបានបញ្ជាក់ថា «ដោយសារជំងឺកូវីដ-១៩ នៅមានវត្តមានក្នុងប្រទេសកម្ពុជា និងមានការរីករាលដាលខ្លាំងក្នុងតំបន់ និងលើពិភពលោកនៅឡើយ ដូចនេះដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករ-កីឡារិនី និងអ្នកគាំទ្រទាំងឡាយ NOCC និងក្រសួងទេសចរណ៍ សូមផ្លាស់ប្ដូរការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត ដែលគ្រោងធ្វើនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខាងមុខ ប្ដូរមកធ្វើការរត់ដោយស្ម័គ្រចិត្តខ្លួនឯង Virtual Run វិញ»

ដូច្នេះគណៈកម្មការរៀបចំបានស្នើឲ្យកីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចូលរួមរត់ នៅតាមទីតាំងស្ម័គ្រចិត្តរៀងៗខ្លួនតាមការណែនាំ រួមមាននៅថ្ងៃទី២៣-២៤ ខែមករា កីឡាករ-កីឡាការិនីនៅភ្នំពេញ ត្រូវមកទទួលយកសម្ភារៈកីឡា និងបញ្ចូលកម្មវិធី (ManulifeMOVE App) រត់ ឬដើរដោយខ្លួនឯង នៅក្នុងទូរសព្ទដៃរបស់ខ្លួន នៅទីស្នាក់ការ NOCC ហើយនៅថ្ងៃទី៣០-៣១ ខែមករា កីឡាករ-កីឡាការិនី នៅខេត្តសៀមរាប ត្រូវមកទទួលយកសម្ភារៈកីឡា និងបញ្ចូលកម្មវិធី (ManulifeMOVE App) រត់ ឬដើរដោយខ្លួនឯងនៅក្នុងទូរសព្ទដៃរបស់ខ្លួន ពីតំណាងគណៈកម្មការម៉ារ៉ាតុងខេត្តសៀមរាប នៅការិយាល័យសាខា មេនូឡាយហ៍ ខេមបូឌា ខេត្តសៀមរាប។

ដោយឡែកនៅថ្ងៃទី០៥ ខែកុម្ភៈ NOCC នឹងប្រកាសបើកកម្មវិធីការត់ស្ម័គ្រចិត្តខ្លួនឯង នៅតាមប្រព័ន្ធព័ត៌មានសង្គម (Social Media) ហើយនៅថ្ងៃទី០៦-០៧ ខែកុម្ភៈ គឺជារយៈពេលសម្រាប់កីឡាករ-កីឡាការិនីរត់ ឬដើរឲ្យគ្រប់ចំនួនគីឡូម៉ែត្រ ដែលខ្លួនបានចុះឈ្មោះ។ បន្ទាប់មកនៅថ្ងៃទី២០-២១ ខែកុម្ភៈ កីឡាករ-កីឡាការិនីទាំងអស់ដែលបានរត់ចម្ងាយ ៥គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ត្រូវបានអញ្ជើញមកទទួលយកមេដាយអនុស្សាវរីយ៍ សម្រាប់រាជធានីភ្នំពេញ មកទទួលនៅទីស្នាក់ការ NOCC និងខេត្តសៀមរាប មកទទួលនៅការិយាល័យសាខា មេនូឡាយហ៍ ខេមបូឌា ខេត្តសៀមរាប។

សូមបញ្ជាក់ថា ដំបូងឡើយទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២៥ នៅខេត្តសៀមរាប គ្រោងរៀបចំនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែដោយកម្ពុជាជួបប្រទះនូវព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គណៈកម្មការបានសម្រេចលើកពេលភ្លាមៗ ហើយគ្រោងរៀបចំឡើងវិញនៅថ្ងៃទី២៤ ខែមករាខាងមុខ។ តែដោយពិនិត្យឃើញស្ថានភាព បន្តគំរាមកំហែងជាថ្មីនៃជំងឺកូវីដ-១៩ បច្ចុប្បន្នគណៈកម្មការរៀបចំ ក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ និង NOCC ក៏សម្រេចផ្លាស់ប្ដូរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ខួបលើកទី២៥ នេះ មកជាការរត់ដោយស្ម័គ្រចិត្តខ្លួនឯងវិញតែម្ដង៕