(មេនឆេស្ទើ)៖ តាមរយៈជ័យជម្នះ ១-០ ទៅលើក្រុមភ្ញៀវ Brighton Hove & Albion បានធ្វើឲ្យ Manchester City ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ នៅពីក្រោមក្រុមកំពូលតារាង Manchester United ត្រឹម ៤ពិន្ទុវិញគិតត្រឹម ១៨សប្តាហ៍ ជើងទី១។

៣ពិន្ទុដ៏តានតឹងនៅកីឡដ្ឋាន Etihad នារាត្រីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ បានធ្វើឲ្យក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅ Premier League រដូវកាលមុន មាន ៣២ពិន្ទុនៅក្រោម Liverpool មាន ៣៣ពិន្ទុ និង United ឈរនៅកំពូលតារាងបណ្តោះអាសន្នមាន ៣៦ពិន្ទុ។

ខ្សែបម្រើវ័យក្មេង Phil Foden ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៤៤ ក្រោយទទួលបាល់ពី Kevin De Bruyne ដែលមានរយៈពេលត្រឹមតែ ១០ថ្ងៃគត់នៅពេលពួកគេបានបំបាក់តោខៀវ Chelsea ក្នុងលទ្ធផល ៣-១ នៅ Stamford Bridge ក្នុងយុទ្ធនាការលីគកំពូលអង់គ្លេសដូចគ្នា។

អតីតម្ចាស់ជើងឯក Premier League ២សម័យកាលជាប់គ្នាកាលឆ្នាំ២០១៨ និងឆ្នាំ២០១៩ លេងមិនចាញ់ឡើយក្នុងចំណោម ៧ប្រកួតចុងក្រោយគ្រប់កម្មវិធី ប្រកៀកទៅនឹងរដូវកាលមុនដែល City ធ្វើបានដោយឈ្នះ ៨ប្រកួតជាប់ៗគ្នា ក្នុងចំណោមលេង ១៤ប្រកួតគ្រប់យុទ្ធនាការមិនចាញ់ផងដែរ៕