(សានតូស)៖ ការប្រជែងពានរង្វាន់ក្របខណ្ឌ Copa Libertadores 2020 ស្ថិតនៅតំបន់អាមេរិកឡាទីន បានរកឃើញក្រុមត្រូវជួបគ្នារវាងក្រុមមកពីប្រទេសប្រេស៊ីលទាំងពីរគឺ Santos FC ប៉ះ Palmeiras នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានទម្លាក់ក្រុម River Plate និង Boca Juniors នៅវគ្គ ៤ក្រុម។នេះបើតាមការចេញផ្សាយដោយ Xinhua នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ការប្រជែងវគ្គ ៤ក្រុមក្នុងនោះ Palmeiras បានទម្លាក់ក្រុម River Plate របស់អាហ្សង់ទីនទាំង ២ជើងក្នុងលទ្ធផល ៣-២ បើទោះបីជាការប្រកួតជើងទី២ បរាជ័យក្នុងលទ្ធផល ២-០ ក៏ដោយ ខណៈ Santos ក៏ធ្វើបានយ៉ាងល្អក្នុងលទ្ធផល ៣-០ ទៅលើក្រុម Boca Juniors សរុបទាំង ២ជើង ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រដែលនឹងរៀបចំឡើងនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋាន Maracana ស្ថិតក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

រំលឹកផងថា សម្រាប់ក្រុមវគ្គផ្តាច់ព្រ័ត្រពាន Copa Libertadores រដូវកាលនេះ ក្រុម Santos ធ្លាប់លើកនេះបាន ៣សម័យកាលនៅអំឡុងឆ្នាំ១៩៦២,១៩៦៣ និងចុងក្រោយនាឆ្នាំ២០១១ ខណៈគូប្រជែង Palmeiras ធ្លាប់លើកបានតែ ១ដងនាឆ្នាំ១៩៩៩ ដែលគិតមកទល់ពេលនេះមានរយៈពេល ២២ឆ្នាំមកហើយ។

នេះជាការជួបគ្នារវាងក្រុមប្រេស៊ីលជាថ្មីបន្តទៀតចាប់តាំងពីឆ្នាំ២០០៦ ដែលវគ្គផ្តាច់ព្រ័ត្រកាលនោះ មានក្រុម Internacional ជាម្ចាស់ជើងឯក និងក្រុម Sao Paulo ជាជើងឯករង៕