(ភ្នំពេញ)៖ សឿ សុធារ៉ា ជាតារាសម្តែងតែងបង្ហាញមុខ ស្ទើរគ្រប់ផលិតកម្មទាំងក្នុង និងក្រៅស្រុក ដែលបច្នុប្បន្នមានកូន២នាក់ក្នុងបន្ទុកក៏ដោយ ក៏នៅតែដណ្តើមតំណែងតួឯក ពីតារាវ័យក្មេងជំនាន់ក្រោយ ដែលក្រោយវិលមកវិញ។ ថ្មីៗ (ឆ្នាំ២០២០) ក្រោយពីបាត់មុខមួយរយៈ ពេលនេះបានលេចមុខមកវិញ អ្នកស្រី សឿ សុធារ៉ា បានបង្ហាញមុខក្នុងរឿងថ្មីនៃផលិតកម្ម «ហង្សមាស» ដោយគ្រងជាតួឯកទៀតផង។

Fresh News Plus សូមស្វែងរកព័ត៌មានមកជូនលោកអ្នកដែលគាំទ្រអ្នកស្រី សឿ សុធារ៉ា ក៏ដូចអ្នកគាំទ្រ Fresh News Plus ថាតើអ្នកស្រីមានខ្សែជីវិតយ៉ាងណាខ្លះ និងបន្សល់ទ្រព្យសម្បត្តិអ្វីខ្លះ ក្រោយពីបង្ហាញខ្លួនគួរឲ្យទាក់ទាញ លើវិថីសិល្បៈនាពេលជាង១០ឆ្នាំកន្លងមកនោះ?

* អំពីប្រវត្តិសង្ខេបជីវិតគ្រួសារ និងការសិក្សា៖

សឿ សុធារ៉ា កើតនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៨៧ នៅសង្កាត់ផ្សារដើមថ្កូវ ក្រុងភ្នំពេញ ក្នុងគ្រួសារមានជីវភាពជាមធ្យម។ ជាកូនពៅក្នុងគ្រួសារ ដែលមានបងប្អូន៨នាក់ ស្រី៥នាក់ និងប្រុស៣នាក់ (ដែលបងប្រុសទាំង៣បានទទួលមរណភាពទាំងអស់)។ ក្នុងចំណោមបងប្អូនទាំង៨នាក់ មានចំណូលចិត្តជាអ្នកសិល្បៈក្រៅពីរូបនាង មានតែបងប្រុសម្នាក់ ឈ្មោះ សឿ សារាវុទ្ធ ដែលមាននិស័្សយផ្នែកសំអាង (តែលោកបានទទួលមរណភាព ដោយជំងឺគាំងបេះដូង )។ បច្ចុប្បនាងមានស្វាមី គឺលោក សាពូន មីដាដា ជាអតីតអ្នកចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងមានកូន២នាក់ ទី១ឈ្មោះ សាពូន តារាវិមាន អាយុ ១០ឆ្នាំ (ឆ្នាំ២០២០) ហើយល្បីថាកូនទីមួយនោះ រៀនពូកែទៀតផង។ កូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស អាយុ៣ឆ្នាំ។

អាយុបាន៧ឆ្នាំ កុមារី សឿ សុធារ៉ា ត្រូវបានឪពុកម្តាយបញ្ជូនមករៀននៅសាលាបឋមសិក្សាទួលទំពូង និងបន្តដល់វិទ្យាល័យបានថ្នាក់ទី៩។ ដោយអារម្មណ៍ដិតដាមនឹងសិល្បៈ ជាមួយនឹងការរវល់លើពេលវេលាថត នាងបានផ្អាកការសិក្សា តាំងពីពេលនោះមក។

* អំពីស្នាដៃក្នុងវិស័យសិល្បៈ៖

ដោយសារមាននិស័្សយនឹងសិល្បៈតាំងពីនៅតូច ចូលចិត្តច្រៀងនិងធ្វើកាយវិការសម្តែងមុខកញ្ចក់ នៅឆ្នាំ២០០០ (ទើបអាយុបាន១៣ឆ្នាំ) បានធ្វើឲ្យបងឈ្មោះ សឿ សារាវុទ្ធ ដែលជាអ្នកតាមមើលថែនាង បានទំនាក់ទំនងទៅផលិតកម្មខ្មែរ នៅឯបរទេសមានដូចជា «អង្គរវត្ត» និង«SK» ជាដើម​ ចូលសាកសំឡេង។ ក្រោយពីសាកសំឡេងច្រៀងតាមផលិតកម្មផ្សេងៗ ក្នុងប្រទេសនិងក្រៅប្រទេសមក ក៏បានច្រៀងសម្តែងថត MV បែបច្រៀងលើឆាកតន្ត្រីថតជា DVD ទៅក្រៅប្រទេស។ ក្រោយមកដោយរូបសម្រស់ដ៏ទាក់ទាញគួបផ្សំនឹងស្នាដៃ នៃការផាត់មុខរបស់បងប្រុសនាងផងនោះ ក៏ត្រូវបានផលិតកម្មក្នុងស្រុកមួយ ផ្តល់ឱកាសឲ្យសម្តែងភាពយន្តជាលើកដំបូងនោះ គឺរឿង «រិទ្ធីសែននាងកងរី» ដែលពេលនោះនាងទើបតែអាយុ១៣ឆ្នាំប៉ុណ្ណោះ តែបែរជាសម្តែងជាតួ «នាងពៅ» ដែលជាតួម្តាយ «រិទី្ធសែន» សម្តែងដោយលោក «ហម ឈរ៉ា» ទៅវិញ។

តាមការឲ្យដឹងនាពេលនោះ គឺដោយសារស្នាដៃផាត់មុខរបស់បងប្រុសនាង ដោយអាចផាត់មុខ ទៅជាតួអង្គចាស់ ជាតួអង្គម្តាយដ៏ស័ក្តិសម និងទេពកោសល្យសម្តែងរបស់នាងផង ធ្វើឲ្យ​ សឿ សុធារា ទទួលបានជោគជ័យ ជាជំហានដំបូងនាពេលនោះ។ រឿងបន្ទាប់មកទៀតគឺរឿង «ម៉ាក់ភូយុងកែវ» ក្នុងឆ្នាំ២០០៣ ដែលមានលោក គាំ ចាន់ធី ជាចាងហ្វាងផលិតកម្ម ជ្រើសរើសឲ្យសម្តែងជាមួយតួថ្មីដំបូងដែរនោះ គឺលោក ពៅ ភិរុណ សម្តែងជាតួ «ម៉ាក់ភូយុងកែវ» និងលោក សុផល ជាតួ «នាយដាំ» ហើយត្រូវទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែតារាថ្មីទាំងបីសម្តែងរួមគ្នា ហើយត្រូវបានបញ្ចាំង៣រោងភាពយន្តក្នុងពេលតែមួយ ក្រោមការគាំទ្រយ៉ាងខ្លាំង ពីមហាជននាពេលនោះ។

ក្រោយពីបានបង្ហាញទេពកោសល្យសម្តែងពេលនោះមក ក៏មានការងារជាច្រើនធ្វើឲ្យ សឿ សុធារា ស្ទើរតែគ្មានពេលសម្រាក ក្នុងការថត MV រាប់រយបទ និងភាពយន្តជាច្រើនដូចជារឿង «មាយាស្រី »រឿង​ «ស្នាមស្នេហសមុទ្ររាម»។ល។ ជាប់រហូតមក រហូតក្លាយជាតារាមិនអាចខ្វះបាន ពីផលិតកម្មផ្សេងៗនាពេលនោះ។ ក្រៅពីភាពមមាញឹកនឹងការសម្តែង ក៏នាងតែងបង្ហាញមុខជារឿយៗលើខនសឺតចម្រៀង មិនដែលដាច់ ព្រោះថាក្រៅពីរូបសម្រស់ ទឹកដមសំឡេងក៏មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានដែរ គឺមានសំឡេងខ្ពស់គួរជាទីចាប់អារម្មណ៍ ដូចដែលពេលថ្មីៗនេះ (ឆ្នាំ២០២០) ក្រោយពីវិលត្រឡប់មកវិញ ក៏ សឿ សុធារា បានបង្ហាញមុខនារដូវមង្គលការ ក្នុងកម្មវិធីមង្គលការកូនអ្នកជំនួញធំៗក្នុងក្រុមលោក អេឡិច ចាន់ត្រា ជាមូយតារាចម្រៀងផ្សេងៗទៀតផងដែរ។

មកដល់ចំណុចនេះ លោកអ្នកគាំទ្រពិតជាមានចម្ងល់ថា ហេតុអ្វីបានជា សឿ សុធារា បាត់មុខពីសិល្បៈទៅណាមួយរយៈមុន? បើតាមការឆ្លើយបញ្ជាក់ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ក្នុងទូរទស្សន៍ Fresh News កន្លងទៅ បានឲ្យដឹងថា នាងមិនបានចាកចេញ ឬឈប់ពីសិល្បៈទេ​ ក្រោយពីរៀបមង្គលការហើយ នាងក៏ចាប់ផ្តើមមាន baby ដូចនេះនាងក៏នៅថែរក្សាគភ៌ បន្ទាប់មកប្រសូត្របុត្រ ក៏នៅមើលថែកូនបន្ត បន្ទាប់ពីកូនទី១ធំល្មម នាងក៏មាន baby ទី២ ក៏នៅបន្តមើលថែគភ៌ រហូតមកទៀត ទំរាំបានកូនធំ ទើបមិនបានបង្ហាញខ្លួន លើវិថីសិល្បៈមួយរយៈនោះ។ ហេតុផលទាំងអស់នេះហើយ ដែលជាការអវត្តមានរូបនាង លើវិថី សិល្បៈមួយរយៈធំ។ សឿ សុធារា បានលើកឡើងបន្ថែមទៀតថា «ខ្ញុំស្រឡាញ់សិល្បៈតាំងពីតូចមក ទំរាំបានចូល និងបានល្បីឈ្មោះ មានអ្នកគាំទ្រស្គាល់ខ្ញុំ ! រឿងអីខ្ញុំត្រូវចាកចេញពីសិល្បៈនោះ! »។ ពេលនេះ (ឆ្នាំ២០២០) អ្នកស្រី សឿ សុធារ៉ា បានបង្ហាញមុខលើវិថីសិល្បៈទាំងពីរផ្នែកនេះវិញហើយ ថាតើប្រជាប្រិយភាព នឹងដូចមុនឬយ៉ាងណានោះ យើងនឹងរង់ចាំតាមដានទាំងអស់គ្នា។

* អំពីជីវិតស្នេហា៖

ចំពោះរឿងស្នេហា ក្នុងឆាកជីវិត ជាតារាសិល្បៈដែលជាមនុស្សមហាជនចង់ដឹងនោះ អ្នកស្រី សឿ សុធារ៉ា មិនសូវមានរឿងអ្វីគួជាទីចាប់អារម្មណ៍ប៉ុន្មានទេ គឺមុនចូលរោងការជាមួយលោក សាពូន មីដាដា ដែលជាស្វាមី នោះ មានលេចឮព័ត៌មានម្តងថា នាងមានទំនាក់ទំនងពិសេស ជាមួយ​តារាសម្តែងប្រុសលោក ពៅ ភិរុណ និងជាពិធីករក្នុងកម្មវិធីតន្ត្រីថ្ងៃសៅរ៍ (នាពេលនោះនៅសួនច្បារផ្សារចាស់ ក្នុងកំឡុងឆ្នាំ២០០៣-២០០៦) ទូរទស្សន៍អប្សរា។ តែត្រូវបានបងប្រុស សឿ សារាវុទ្ធ បានបកស្រាយថា «មិនមែនជាការពិតទេ ជាការរាប់អានគ្នាជាមិត្តរួមការងារប៉ុណ្ណោះ»។ ក្រោយមកក្នុងពាក់កណ្តាលឆ្នាំ២០០៩ នាង សឿ សុធារ៉ា បានចូលរោងការជាមូយកូនកំលោះ គឺ លោក សាពូនមី ដាដា ជាតារាចម្រៀងផលិតកម្ម ហង្សមាស នាពេលនោះ។ ពិធីនោះបានប្រារព្ធនៅក្នុងសណ្ឋាគារ ណាហ្គា ដែលមានភ្លៀវជាសិល្បករ និងភ្ញៀវអ្នកជំនួញព្រមទាំងញាតិមិត្តប្រមាណជាជាងមួយពាន់នាក់ ចូលរួម​អបអរ និងជូនពរ។ រហូតមកដល់ពេលនេះ (ឆ្នាំ២០២០) អ្នកទាំងពីរបានបន្សល់ចំណងដៃកូន២នាក់ គួរជាទីស្រឡាញ់ក្នុងបន្ទុកផងដែរ។ ស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ រវាងអ្នកទាំងពីរ១០ឆ្នាំនេះ អ្នកទាំង២រស់នៅ ដ៏មានសេចក្តីសុខ និងសុភមង្គល មិនដែលមានបញ្ហាប្រេះឆាឡើយ។

* អំពីជំនួញក្រៅពីសិល្បៈ៖

ភាគច្រើននៃអ្នកគាំទ្រ សឿ សុធារ៉ា តែងបានដឹងថា ពីពេលមុន សឿ សុធារ៉ា មានហាងសំអាងការផ្ទាល់ខ្លួន មាន​ឈ្មោះថា «សំអាងការ សឿ សុធារា» ដែលមានបងប្រុស សឿ សារាវុទ្ធ ជាអ្នកគ្រប់គ្រង ហើយជាសំអាងការដ៏មានប្រជាប្រិយខ្លាំង។ តែមុខជំនួញមួយនេះពេលក្រោយមកនេះ ហាក់បីដូចជាស្ងាត់មិនមានសកម្មភាពដូចមុន។ ពេលថ្មីៗនេះក្រោយពេលដែល អ្នកស្រី សឿ សុធារា បង្ហាមុខជាថ្មី លើវិស័យសិល្បៈឡើងវិញ និងបានចូលរួមក្នុងកម្មវិធី «អាថ៏កំបាំងក្រៅឆាករបស់តារា» នៃទូរទស្សន Fresh News ឆ្លើយតបនឹងពិធីករនៃកម្មវិធីថា «តាមពិតជំនួញមួយនេះ មានចំណូលខ្លាំងណាស់ តែដោយខ្ញុំឃើញមុខជំនួញនេះពេលណា ធ្វើឲ្យខ្ញុំនឹកដល់អាហ៊ា (បងប្រុស)ខ្លាំង ទើបមិនអាចឲ្យខ្ញុំ ទ្រាំបាននិងនឹកឃើញអនុស្សាវរីយ៍ជាច្រើនជាមួយគាត់ ខ្ញុំពិតជាមិនចង់បែកពីគាត់ទេ។ ដើម្បីកុំឲ្យឃើញអនុស្សាវរីយ៍នេះនៅចំពោះមុខ ខ្ញុំក៏សម្រេចចិត្តសេងហាងសំអាងការនេះឲ្យគេទៅ»។ អ្នកស្រី សឿ សុធារ៉ា បញ្ជាក់ទៀតថា ទោះជាយ៉ាងណាក៏មិនប្រកបមុខរបរនេះទៀតទេ ទោះជាមុខរបរនេះងាយរកចំណូលក៏ដោយ។ ចំពោះជំនួញថ្មីជាអ្វីនោះ អ្នកស្រីបញ្ជាក់ថា មិនទាន់គិតទេ តែមិនមែនសំអាងការឡើយ។

* អំពីទម្លាប់ការរស់នៅ និងចំណង់ចំណូលចិត្ត៖

រយៈពេលជាង១០ឆ្នាំ ក្នុងការប្រាកដខ្លួនលើវីថីសិល្បៈ ដោយសាងបានកេរ្តិ៍ឈ្មោះជាទីមោទកភាព អ្នកស្រី សឿសុធារ៉ា បានសាងសង់ផ្ទះថ្មីកំពស់៣ជាន់ មានទំហំ៣ល្វែងលើដីចាស់ នៃផ្ទះកំណើត ក្នុងសង្កាត់ផ្សារដើមថ្កូវ ក្រុងភ្នំពេញ។ តែក្រោយពីរៀបការ ក៏បានសម្រេចលក់ផ្ទះកំណើតខាងលើ ដើម្បីចែកបងប្អូន ហើយបានប្តូរមករស់នៅបុរីមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៦A។

ជាទម្លាប់​ ពេលព្រឹកនាងញ៉ាំបប​សរ ជាអាហារពេលព្រឹក និងចូលចិត្តញ៉ាំម្ហូបខ្មែរ ដូចជាសម្លម្ជូរ ប្រហើរ កកូរ ជាដើម។ ចំពោះម្ហូបចិន មានចំណូលចិត្តដែរ តែមិនចូលចិត្តប្រភេទខ្លាញ់ច្រើន។ មិននិយមញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមខ្លាំង ញ៉ាំទឹកច្រើន និងទម្លាប់ហាត់ប្រាណ និង​យូហ្គានៅផ្ទះពេលល្ងាច។ ចំពោះការណាត់ជួបការងារអ្នកស្រី តែងទៅមុន៥នាទីជានិច្ច និងគោរពពេលវេលាការងារ និងមានទំនាក់ទំនងល្អជាមួយក្រុមការងារ ក៏ដូចជាអ្នកគាំទ្រ៕