(កូរ៉េ)៖ អតីតសមាជិកក្រុមចម្រៀង K-POP បុរស Big Bang គឺលោក Seungri ត្រូវបានគេរាយការណ៍មកថា កំពុងប្រឈមមុខនឹងបទល្មើសថ្មីបន្ថែម គឺការប្រើប្រាស់អំពើហិង្សារ ខណៈនៅថ្ងៃទី១៤នេះ លោកបានបង្ហាញខ្លួនក្នុងសវនាការលើកទី៧ ជាមួយនឹងការជាប់ពាក់ព័ន្ធពីបទល្មើលព្រហ្មទណ្ឌជាច្រើនករណី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

មុនពេលចាប់ផ្តើមបើកសវនាការលើកទី៧ តុលារការបានបង្ហាញថា នៅថ្ងៃនេះ លោក Seungri និងដៃគូរកស៉ីរបស់លោក គឺ Yoo In Suk កំពុងប្រឈមនឹងបទល្មើសថ្មីបន្ថែមទៀត គឺការជំរុញ និងប្រើប្រាស់អំពើហិង្សារ។

បើតាមរដ្ឋអាជ្ញាបានរកឃើញថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ លោក Seungri បានវាយតប់ជាមួយភ្ញៀវផ្សេងទៀត នៅកន្លែងផឹកស៉ី បន្ទាប់ភ្ញៀវនោះ បានលួចចូលបន្ទប់ផឹកស៉ីឯកជនរបស់គេ។ ភ្លាមនោះ លោក Seungri ក៏បានរាយការណ៍ដំណឹងនេះទៅក្នុងក្រុមជជែកកំសាន្ត ដើម្បីឲ្យមិត្តភក្តិ គឺ Yoo In Suk នាំក្មេងទំនើងមកព្រួតវាយតប់ជាមួយ ភ្ញៀវនោះបន្ថែមទៀត។

រដ្ឋអាជ្ញា បានបន្ថែមថា ជនជាប់ចោទ Lee Seung Hyun ហៅ Seungri បានឃុបឃិតជាមួយ Yoo In Suk និងគំរាមគំហែងដល់ជនរងគ្រោះ អំពីការប្រើអំពើហិង្សារបន្ថែម ដូច្នេះរូបគេត្រូវបានចោទប្រកាន់ថា ជាប់ពិរុទ្ធ ពាក់ព័ន្ធការប្រើប្រាស់ និងជំរុញឲ្យមានអំពើហិង្សារ។

យ៉ាងណាមិញ ជុំវិញការចោទប្រកាន់នេះ ភាគី ខាងលោក Seungri បានបដិសេធ ហើយទំនងជាព្យាយាមបដិសេធនៅពេលឡើងសវនាការលើកក្រោយ បើទោះបីជាអយ្យការរកបានភស្តុតាងបន្ថែមក្តី។ ទន្ទឹមគ្នានេះ ជាមួយនឹងការចោទប្រកាន់បន្ថែមថ្មីនេះ Seungri បច្ចុប្បន្នត្រូវប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌសរុបចំនួន ៨ករណី៕