(អាមេរិក)៖ កំពូលតារាហូលីវូដ Tom Hanks និងតារាល្បីៗជាច្រើនរូបទៀតរបស់អាមេរិក នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ពិសេសមួយ តាមរយៈការផ្សាយផ្ទាល់នៅលើអនឡាញ ដើម្បីអបអរសាទរក្នុងឱកាសស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកថ្មីរបស់លោក ចូ បៃដិន នាថ្ងៃទី២០ ខែមករា ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ព្រឹត្តិការណ៍ដែលគ្រោងប្រារព្ធឡើងសម្រាប់ការស្បថចូលកាន់អំណាចរបស់លោក បៃឌិន នោះ គឺត្រូវកាត់បន្ថយទំហំអ្នកចូលរួម ដោយសារតែបញ្ហាកូវីដ-១៩ និងបញ្ហាសន្តិសុខ។ ព្រឹត្តិការណ៍ពិសេសនេះទៀតសោត ត្រូវបានរៀបចំឡើងដោយ Tom Hanks ដែលមានរយៈពេល៩០នាទី នៃការផ្សាយផ្ទាល់តាមអនឡាញ។

ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមសម្តែងដោយតារល្បីៗដូចជា Justin Timberlake, Demi Lovato, Jon Bon Jovi និង Ant Clemons ផងដែរ។ កាន់តែពិសេស ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Jeo Biden និងអនុប្រធានាធិបតីថ្មី លោកស្រី Kamala Harris ក៏នឹងផ្តល់បទសម្ភាសន៍ផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍នេះ នឹងមានការផ្សាយផ្ទាល់លើបណ្តាញផ្សព្វផ្សាយធំៗដូចជា តាមរយៈទូរទស្សន៍ ABC, CBS, CNN, NBC, និង MSNBC។ ក្រៅពីនេះក៏មានការផ្សាយផ្ទាល់នៅលើ Channels យូធូប, ហ្វេសប៊ុក, Twitter របស់ Amazon Prime ផងដែរ៕