(ម៉ានីល)៖ កីឡាករប្រដាល់សកល Manny Pacquiao បានបោះសំដីចង់ប្រកួតទល់នឹង Conor McGregor ដែលជាជើងខ្លាំងខាង MMA ក្នុងឆ្នាំនេះ បើទោះបីជាកំពុងពិភាក្សា ដើម្បីប្រកួតជាមួយ Errol Spence Jr ឬក៏ Terence Crawford ក៏ដោយ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Dailymail សមាជិកសភាហ្វីលីពីនខាងនេះបានថ្លែងថា «ពួកគេទាំង៣ បានស្ថិតក្នុងគម្រោងរបស់ខ្ញុំក្នុងឆ្នាំទាំងអស់។ តែពេលនេះ ខ្ញុំចង់ជួប ក៏ដូចជាដកបទពិសោធក្នុង MMA»

កន្លងមកកាលពីខែកញ្ញា ឆ្នាំ២០២០ កីឡាករវ័យ ៤២ឆ្នាំ Pac Man ក៏ធ្លាប់បានបោះពាក្យថារូបគេនឹងប៉ះ McGregor ក្នុងឆ្នាំ២០២១ នេះដែរ ដ្បិតកីឡាកររូបនេះ (McGregor) ក៏ធ្លាប់ឡើងប្រកួតទល់នឹង Floyd Mayweather លក្ខណៈប្រដាល់សកលម្តងដែរកាលឆ្នាំ២០១៧។

ភ្លាមៗនោះដែរ លោក Audie Attar ដែលជាគ្រូបង្វឹករបស់ Conor McGregor ក៏មានបំណងឲ្យកូនសិស្សរបស់គេជួប ប្រកួតទល់នឹង Pacquiao ដែរ ដោយលោកបានថ្លែងប្រាប់ព័ត៌មាន Bloomberg ថា «McGregor ក៏ចង់ជួប Manny ដូចគ្នា ដែលពីមុនមក យើងក៏ធ្លាប់សន្ទនាគ្នាអំពីរឿងនេះដែរ ដែលជាការប្រកួតមួយដែលយើងចង់ឲ្យកើតមានឡើង នៅពេលឃើញអ្នកគាំទ្រទូទាំងសកលចង់ទស្សនាក្នុងជំនួបដ៏កម្របែបនេះ»