(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស រួមមាន ក្រុមហ៊ុន Microsoft Corp និងក្រុមហ៊ុន Oracle Corp ព្រមទាំងក្រុមហ៊ុនថែទាំសុខភាព Cigna Corp និង Mayo Clinic គឺជាផ្នែកនៃក្រុមចម្រុះមួយ ដើម្បីបង្កើតកំណត់ត្រាឌីជីថល ទៅលើអ្នកដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

គម្រោងដែលគេហៅឈ្មោះថា «Vaccination Credential Initiative» នេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយដល់ប្រជាជន ឲ្យទទួលបានច្បាប់ចម្លងឌីជីថល នៃកំណត់ត្រាចាក់ថ្នាំបង្ការជំងឺ COVID-19 របស់ពួកគេ ដែលបានរក្សាទុក នៅក្នុងកាបូបឌីជីថល នៃជម្រើសរបស់ពួកគេ, នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន នៅក្នុងសេចក្តីថ្លែការណ៍មួយ នាថ្ងៃព្រហស្បតិ៍នេះ។

សម្រាប់អ្នកដែលមិនមានទូរស័ព្ទស្មាតហ្វូន នឹងទទួលបានក្រដាសបោះពុម្ពចេញ ជាមួយលេខកូដ QR ដែលមានលិខិតសម្គាល់។

នៅសហរដ្ឋអាមេរិក, ជាទីកន្លែងដែលវ៉ាក់សាំង មកពីក្រុមហ៊ុន Pfizer Inc និង Moderna Inc ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននោះ, បុគ្គលដែល បានចាក់វ៉ាក់សាំង នឹងទទួលបានប័ណ្ណចាក់វ៉ាក់សាំង ឬក៏ក្រដាសបោះពុម្ភ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្ន ប្រព័ន្ធ មិនទាន់គាំទ្រការចូលដំណើរការគ្រប់គ្រង បាន ងាយស្រួល និងចែករំលែកទិន្នន័យចាក់ថ្នាំបង្ការ ដែលអាចផ្ទៀងផ្ទាត់បានឡើយទេ៕