(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឯកភាពគ្នាបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយនៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ គឺកម្មវិធី «ជិះកង់នៃក្ដីស្រលាញ់» ដែលគ្រោងរៀបចំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ពោលគឺចំថ្ងៃទិវានៃសេចក្ដីស្រលាញ់តែម្ដង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ នាខេត្តព្រះសីហនុនេះ រៀបចំឡើង ដើម្បីបង្ហាញសក្ដានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្ដាប់ធ្នាប់ អនាម័យថ្មីរបស់ខេត្តគោលដៅទេសចរណ៍ធម្មជាតិ ដែលកំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនដ៏ខ្លាំងមួយនេះ។

សម្រាប់វិញ្ញាសាប្រកួត គឺមាន៣ រួមមានវិញ្ញាសាប្រណាំងកង់លើភ្នំចម្ងាយ ៤០គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល-ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ។ វិញ្ញាសាជិះកង់កម្សាន្ដឆ្នេរសមុទ្រថ្មីចម្ងាយ ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រិះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ និងវិញ្ញាសាជិះកង់កម្សាន្ដគ្រួសារ និងគូស្នេហ៍ចម្ងាយ ១៥គីឡូម៉ែត្រតាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។

ទន្ទឹមជាមួយការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ «ជិះកង់នៃក្ដីស្រលាញ់» លើកដំបូងនេះដែរ គណៈកម្មការរៀបចំ ក៏គ្រោងរៀបចំទីកន្លែងបោះតង់តាមឆ្នេរសមុទ្រ ជូនអ្នកចូលរួមទាំងអស់ដោយមានសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យខ្ពស់ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕