(ភ្នំពេញ)៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន (ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា) លើកទី៤ ឆ្នាំ២០២០ បានចាប់ផ្ដើមដំណើរការប្រកួតហើយ ខណៈអគ្គលេខាធិការសហព័ន្ធលោក ណយ ផាណា បានចាត់ទុកការប្រកួតនេះ គឺជាឱកាសពង្រឹងគុណភាពកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេស ត្រៀមឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោក ណយ ផាណា បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ គឺចាប់ផ្ដើមនាថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីការលើកពេលកាលពីចុងឆ្នាំចាស់កន្លងទៅ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីមកពី ៤ក្រសួង និងខេត្តចូលរួម គឺមានក្រសួងមហាផ្ទៃ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីល្អៗបញ្ជូនទៅហ្វឹកហាត់នៅចិន ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេម។

លោកបន្ដថា «ការប្រកួតនេះ យើងផ្ដោតសំខាន់ឆ្ពោះទៅស៊ីហ្គេម...។ បន្ទាប់ពីប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ហើយ យើងនឹងជ្រើសរើសយកកីឡាករល្អៗនៃវិញ្ញាសាអាទិស្ទិក ដើម្បីបញ្ជូនទៅហាត់រយៈពេលវែងនៅចិន ពេលស្ថានភាពកូវីដ-១៩ ធូរស្រាល។ ចំណែកវិញ្ញាសាអាអេរ៉ូប៊ិក យើងត្រៀមយកគ្រូពីក្រៅមក ដែលខ្ញុំបានទាក់ទងតាំងពីដើមឆ្នាំ២០២០ តែដោយសារបញ្ហាកូវីដ យើងក៏អាកខាន តែឥឡូវយើងកំពុងធ្វើការងារនេះ ដើម្បីពង្រឹងគុណភាពកីឡាករ-កីឡាការិនីចូលរួមប្រកួតស៊ីហ្គេម»។

ទន្ទឹមជាមួយការយកចិត្តទុកដាក់លើការពង្រឹងគុណភាពកីឡាករ-កីឡាការិនី សហព័ន្ធក៏បានគិតគូរដល់ការពង្រឹងធនធានមន្ដ្រីបច្ចេកទេសផងដែរ។ លោកនិយាយថា «បន្ទាប់ពីការពង្រឹងកីឡាករឲ្យមានគុណភាពល្អត្រៀមស៊ីហ្គេម គឺមន្ដ្រីបច្ចេកទេសនេះហើយ។ បច្ចុប្បន្នសហព័ន្ធខ្ញុំ មានគណៈកម្មការចៅក្រមអន្ដរជាតិ ២នាក់ក្នុងដៃ តែប៉ុណ្ណឹងយើងមិនអាចធ្វើអ្វីកើតទេ ចឹងចុងឆ្នាំ២០២១ និងក្នុងឆ្នាំ២០២២ យើងបង្កើនឲ្យបាន ៤នាក់ទៀត ដែលជាស្ថាប័នអន្ដរជាតិ ទើបគ្រប់គ្រាន់ក្នុងការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣»។

គួរបញ្ជាក់ថា ចំពោះការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ គឺប្រើប្រាស់ថវិកាជាតិ តាមរយៈការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈពានរង្វាន់ប្រធានសហព័ន្ធ គឺទទួលបានការឧបត្ថម្ភផ្ទាល់ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីបង្កើនការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានចូលរួមការប្រកួតនេះ ដូចជាការឧបត្ថម្ភលើប្រាក់រង្វាន់អ្នកទទួលបានជយលាភីជាដើម៕