(ញូវដេលី)៖ ក្រុមហ៊ុន WhatsApp បានធ្វើកំណែទម្រង់ Privacy Policy ថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់យល់ព្រមក្នុងការ Share Data (ទិន្នន័យផ្ទាល់ខ្លួន) ជាមួយនឹងក្រុមហ៊ុន Facebook ដែលកំណែទម្រង់នេះបានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើននៅលើពិភពលោកមិន សប្បាយចិត្តនោះទេ ហើយនៅពេលនេះផងដែរ រដ្ឋាភិបាលឥណ្ឌបានចាប់ផ្ដើមអនុវត្តវិធានការតាមផ្លូវច្បាប់ចំពោះ WhatsApp ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរឥណ្ឌាបានលើកឡើងថា ការធ្វើកំណែទម្រង់ថ្មីរបស់ WhatsApp បានធ្វើឱ្យប៉ះពាល់ និងគំរាមកំហែងដល់សុវត្ថិភាពអ្នកប្រើប្រាស់ ព្រោះថាការ Share Data ដែលមានដូចជា លេខទូរស័ព្ទ ឈ្មោះ និងទីតាំងនេះ វាច្បាស់ណាស់នឹងបង្កនូវភាពអសន្តិសុខ និងសុវត្ថិភាពដល់អ្នកប្រើ។

អាជ្ញាធរឥណ្ឌា មិនបានបញ្ជាក់ច្បាស់នោះទេថា នឹងត្រូវធ្វើអ្វីចំពោះក្រុមហ៊ុន WhatsApp នៅក្នុងអំឡុងពេលនេះ ដោយគ្រាន់តែបញ្ជាក់ ថា WhatsApp គឺត្រូវប្រឈមមុខនឹងផ្លូវច្បាប់នៅក្នុងប្រទេសឥណ្ឌា ពោលគឺអាចនឹងមានការស៊ើបអង្កេតលើកករណីនេះ ដូចនៅក្នុងប្រទេសគួកគីជាដើម។

គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ WhatsApp នៅក្នុងប្រទេសឥណ្ឌាមានចំនួនរហូតដល់ ៤០០លាននាក់ ហើយនៅពេលនេះ អ្នកប្រើ ប្រាស់ជាច្រើននៅក្នុងប្រទេសឥណ្ឌា និងនៅពិភពលោកបានប្ដូរទៅប្រើកម្មវិធី Signal និង Telegram ជំនួសវិញ ៕