(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Athletic Bilbao នឹងជួបក្រុមខ្លាំង FC Barcelona នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីប្រជែងយកពាន Spanish-Super Cup 2021 បន្ទាប់ពីយកឈ្នះអធិរាជស Real Madrid ក្នុងលទ្ធផល ២-១ ពីក្នុងវគ្គ ៤ក្រុមចុងក្រោយរួចមក។

ជំនួបរវាង Bilbao និង Barcelona នឹងធ្វើឡើងនៅទឹកដីកណ្តាលក្នុងទីក្រុង Seville នៃប្រទេសអេស្ប៉ាញនារាត្រីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ ចុងសប្តាហ៍នេះតែម្តង នៅពេលដែលក្រុមប្រចាំតំបន់ Catalan បានទម្លាក់ Real Sociedad ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-២ នៅពេលប្រកួត ១២០នាទីពេញស្មើគ្នា ១-១។

ការប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ កីឡាករខ្សែប្រយុទ្ធ Karim Benzema រកបានតែ ១គ្រាប់ឲ្យក្រុមរបស់លោក Zinedine Zidane នៅខ្វះ ១៧នាទីដល់ម៉ោងបញ្ចប់ដែលជាគ្រាប់វាយបកនៅពេល Raul Garcia រកបាន ២គ្រាប់ឲ្យ Bilbao នៅនាទី១៨ និងប៉េណាល់ទីបានសម្រេចក្នុងនាទី៣៨៕