(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសបង្កើតសមាគមក្លឹបវាយសីខេត្តត្បូងឃ្មុំជាផ្លូវការ ដើម្បីជំរុញឱ្យកីឡាវាយសីក្នុងខេត្ត កាន់តែផុសផុលបន្ថែមទៀត សំដៅជ្រើសរើសជើងឯកថ្នាក់ខេត្ត បន្តប្រកួតប្រជែងនាថ្នាក់ជាតិ និងអន្តរជាតិជាបន្ត។

សមាគមក្លឹបវាយសីខេត្តត្បូងឃ្មុំនេះ មានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធានកិត្តិយស, លោកឧកញ៉ា អាន ម៉ារ៉ាឌី ជាប្រធានក្លឹប លោកឧកញ៉ា ម៉ែន សុភក្រ ជាអនុប្រធានក្លឹប។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រកាសដូចនេះនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព បិទការប្រកួតវិញ្ញាសារ កីឡាវាយសី និងប្រគល់ពានរង្វាន់ក្រុមជ័យលាភី នៃការប្រកួតកីឡាមហាជន ពានរង្វាន់អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ០៧មករា ១៩៧៩- ០៧ មករា ២០២១ ដែលធ្វើឡើងនៅក្លឹបវាយសីចំការកៅស៊ូជុប ស្ថិតក្នុងស្រុកត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យក្រុមកីឡាករខិតខំបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យកីឡា ក៏ដូចជាចូលរួមជួយលើកមុខមាត់ ខេត្តផងដែរ។

សូមជម្រាបថា តាមរយៈការប្រកួតយ៉ាងស្វិតស្វាញទាំង១៥ក្រុម ជាលទ្ធផលជ័យលាភីលេខ១ បានទៅលើក្រុមកីឡាវាយសីស្តេចកន ទទួលបានពានរង្វាន់ ទង់ជ័យលាភី គ្រាប់សី ថវិកា និងម៉ូតូ១គ្រឿង ជាអំណោយផ្ទាល់របស់លោក ជាម ច័ន្ទសោភ័ណ ចំណែកលេខ២ និងលេខ៣ ទទួលបានទង់ជ័យលាភី គ្រាប់សីនិងថវិកាមួយចំនួន ផងដែរ៕