(សិង្ហបុរី)៖ មានប្រទេសដែនកោះជាច្រើនដែលមិនមានប្រភពទឹកសាបផ្ទាល់ខ្លួន ក្នុងនោះប្រទេសសិង្ហបុរីក៏មានវាសនាដូចប្រទេសទាំងនោះដែរ ប៉ុន្តែតើអ្នកមានដឹងទេថា រដ្ឋាភិបាលប្រទេសដ៏តូចមួយនេះចាត់វិធានការយ៉ាងណាខ្លះ ដើម្បីទទួលបានទឹកសាបសម្រាប់ឱ្យប្រជាជនទទួលទាន និងប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងចំណោមប្រទេសដែលគ្មានប្រភពទឹកសាបផ្ទាល់ខ្លួនទាំងឡាយ សិង្ហបុរីហាក់មានសំណាងជាងគេបន្តិច ពីព្រោះជាប្រទេសអ្នកមាន ហើយនៅជិតប្រទេសដែលសម្បូរប្រភពទឹកសាបស្រាប់ ដូចជាប្រទេសម៉ាឡេស៉ីជាដើម។ កាលពីជាង ៣០ ឆ្នាំមុន សិង្ហបុរីបាននាំចូលទឹកសាបពីម៉ាឡេស៉ីតែមួយច្រកគត់ ដោយបញ្ជូនតាមបំពង់បង្ហូរទឹកកាត់តាមសមុទ្រពីរដ្ឋចូហូរបស់ម៉ាឡេស៉ី។ ទឹកសាបដែលនាំចូលនោះមានបរិមាណរហូតដល់ ២៥០ លានប៊ីដុងក្នុងមួយថ្ងៃ។

ការប្រើប្រាស់ទឹកនៅសិង្ហបុរីកាលសម័យនោះ មានការត្បិតត្បៀតសន្សំសំចៃយ៉ាងខ្លាំង ទើបរដ្ឋាភិបាលព្យាយាមរិះរកវិធីគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខនេះ។ រហូតដល់ក្រោយមកទៀត ដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើន ទើបធ្វើឱ្យសិង្ហបុរីចាប់ផ្ដើមផលិតទឹកប្រើប្រាស់ដោយខ្លួនឯង តាមរយៈប្រព័ន្ធ neWater ឬការយកទឹកចាស់មកចម្រោះប្រើឡើងវិញ។ រោងចក្រ neWater មិនត្រឹមតែអាចចម្រោះទឹកកខ្វក់ឱ្យក្លាយជាទឹកស្អាតប៉ុណ្ណោះទេ ថែមទាំងអាចកែច្នៃទឹកសមុទ្រឱ្យក្លាយជាទឹកសាបប្រើប្រាស់ និងទទួលទានបានទៀតផង។

ទឹកដែលបានប្រើប្រាស់នៅតាមផ្ទះរួចហើយ នឹងត្រូវយកមកចម្រោះឡើងវិញដោយបច្ចេកវិទ្យាខ្ពស់ តាមរយៈការញែកនូវម៉ូលេគុលកខ្វក់ចេញ ហើយយកទៅច្រោះ បន្ទាប់មកទៀត យកមកបាញ់កាំរស្មីអ៊ុលត្រាវីយូឡេដើម្បីសម្លាប់មេរោគ ដែលជាដំណាក់កាលចុងក្រោយ នោះនឹងបានទឹកស្អាតសម្រាប់ប្រើម្ដងទៀតហើយ ចំណែកទឹកសមុទ្រវិញ នឹងយកមកត្រងយកអំបិលចេញ ហើយបញ្ជូនទៅផលិតជាទឹកស្អាត បន្ទាប់មក យកទៅចែកចាយតាមផ្ទះ។

រដ្ឋាភិបាលសិង្ហបុរីបានបង្កើតស្ថាប័ន Singapure Natoinal Water Agency ឬហៅថា PUB ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងធនធានទឹក ដើម្បីមើលការខុសត្រូវបញ្ហាទាក់ទងនឹងទឹក ដូចជា អាងស្តុកទឹក ទឹកសម្រាប់ទទួលទាន និងទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងបញ្ហាទឹកជំនន់ផងដែរ។

រដ្ឋាភិបាលបានសាងសង់ទំនប់ដ៏ធំមួយ គឺទំនប់ម៉ារីណា (Marina Barrage) ដែលជាអាងស្តុកទឹកដ៏ធំដំបូងគេរបស់សិង្ហបុរី និងជាទំនប់សម្រាប់ការពារទឹកជំនន់ផងដែរ ពីព្រោះនៅពេលដែលមានភ្ញៀងធ្លាក់ខ្លាំង ឬពេលទឹកសមុទ្រឡើងខ្លាំងម្ដងៗ ម៉ាស៉ីនបូមទឹកដ៏ធំនៅក្នុងអាងស្តុកទឹកនេះ នឹងបូមទឹកបញ្ចេញឱ្យចូលទៅក្នុងសមុទ្រវិញ។ ក្រៅពីទំនប់ទឹក និងអាងស្តុកទឹកនេះ គេក៏បានសាងសង់អគារពីរជាន់ ដែលអាចអណ្ដែតឡើងចុះទៅតាមកម្ពស់ទឹកសមុទ្រទៀតផង ដោយជាន់ក្រោមគឺជាការិយាល័យ ចំណែកជាន់លើជាសារៈមន្ទីរ ភោជនីយដ្ឋាន និងហាងលក់ទំនិញតូចៗ។

សូមជម្រាបថា ទឹកដែលប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីនាពេលបច្ចុប្បន្ននេះ គឺបានមកពីប្រភពចំនួន ៤ គឺបានពីទឹកភ្លៀង ទឹកសាបនាំចូលពីម៉ាឡេស៉ី ទឹកដែលចម្រោះពីទឹកកខ្វក់ និងទឹកសមុទ្រដែលត្រងយកអំបិលចេញ៕