(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា អ្នកចូលរួមទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នៅអង្គរវត្ត ខួបលើកទី២៥ ដែលត្រូវបានផ្លាស់ប្ដូរមកជាការរត់ដោយស្ម័គ្រចិត្តខ្លួនឯង (Virtual Run) ត្រូវមានភាពស្មោះត្រង់ និងស្មារតីម្ចាស់ការលើខ្លួនឯង ដើម្បីឲ្យការរៀបចំក្រោមរបត់ថ្មីនេះទទួលបានជោគជ័យ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែមករានេះ អគ្គលេខាធិការ NOCC ខាងលើ បានសុំការយោគយល់ខ្ពស់ពីអ្នកចុះឈ្មោះ បន្ទាប់ពីគណៈកម្មការរៀបចំបានធ្វើការផ្លាស់ប្ដូរភ្លាមៗ ពីការរត់ពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តសៀមរាប ដែលគ្រោងរៀបចំនាថ្ងៃទី២៤ ខែមករាខាងមុខ ប្ដូរមករត់ដោយស្ម័គ្រចិត្តខ្លួនឯងវិញ។ ប៉ុន្ដែលោកសង្ឃឹមថា អ្នកចុះឈ្មោះទាំងអស់នឹងចូលរួមតាមកម្មវិធីថ្មី ដែលគណៈកម្មការបានជូនដំណឹង។
លោកបន្ដថា «ព្រឹត្តិការណ៍នេះ ថ្វីដ្បិតតែវាមិនមានការជួបជុំគ្នាគគ្រឹកគគ្រេង ក៏ប៉ុន្ដែជាព្រឹត្តិការណ៍មួយ ដែលផ្លាស់ប្ដូរបត់នៃអ្នករត់ដែរ។ បើនិយាយពីរបៀបនៃការរត់នេះ យើងចង់និយាយថា អ្នកចូលរួមទាំងអស់ ត្រូវមានស្មារតីម្ចាស់ការ និងស្មោះត្រង់។ ដូចអ្នកវ៉ៃកូនហ្គោលអ៊ីចឹង វៃខ្លួនឯង រាប់ពិន្ទុខ្លួនឯង ហើយបានយកឲ្យគេបញ្ចូលពិន្ទុ។ ចឹងបើកីឡាករអត់ស្មោះត្រង់ទេ ដាក់ពិន្ទុខ្លួនឯង ខុសពីអ្វីដែលខ្លួនបានធ្វើ គឺក្បត់មនសិការរបស់ខ្លួនឯង»។
លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «សូមឲ្យយុវជន ប្រជាពលរដ្ឋយើង ដែលបានចុះឈ្មោះក្នុងព្រឹត្តិការណ៍នេះ យោគយល់អំពីសភាពការណ៍កូវីដ-១៩ គឺយើងសូមឲ្យគាត់ចូលរួមទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ខួបលើកទី២៥ ដោយសេចក្ដីស្ម័គ្រចិត្ត និងភាពស្មោះត្រង់។ រត់ដោយម្ចាស់ការខ្លួនឯង ឬរត់ Virtual Run មានន័យថា ធ្វើម៉េចឲ្យម្ចាស់ការលើខ្លួនឯង ផ្ដល់លទ្ធផលខ្លួនឯង មិនកុហក់ខ្លួនឯង។ មនុស្សយើង តែធ្វើអ្វីអត់កុហក់ខ្លួនឯង មានន័យថា បានបំពេញនូវគុណភាពជីវិតរបស់យើងមួយហើយ»។
គួរបញ្ជាក់ថា កម្មវិធីរត់ដោយស្ម័គ្រចិត្តខ្លួនឯងនៃការផ្លាស់ប្ដូរខាងលើ ត្រូវបានបែងចែកជា ២តំបន់គឺភ្នំពេញ និងខេត្តសៀមរាប។ សម្រាប់អ្នកចុះឈ្មោះនៅភ្នំពេញ ត្រូវទទួលយកសម្ភារៈកីឡា និងបញ្ចូលកម្មវិធី (ManulifeMOVE App) រត់ ឬដើរដោយខ្លួនឯង នៅក្នុងទូរសព្ទដៃរបស់ខ្លួន នៅទីស្នាក់ការ NOCC នាថ្ងៃទី២៣-២៤ ខែមករា។ ចំណែកអ្នកចុះឈ្មោះនៅសៀមរាប ត្រូវទទួលយកសម្ភារៈកីឡា និងបញ្ចូលកម្មវិធី (ManulifeMOVE App) រត់ ឬដើរដោយខ្លួនឯងនៅក្នុងទូរសព្ទដៃរបស់ខ្លួន នៅខេត្តសៀមរាប នាថ្ងៃទី៣០-៣១ ខែមករា។
ដោយឡែកនៅថ្ងៃទី០៥ ខែកុម្ភៈ NOCC នឹងប្រកាសបើកកម្មវិធីការរត់ស្ម័គ្រចិត្តខ្លួនឯង នៅតាមប្រព័ន្ធព័ត៌មានសង្គម (Social Media) ហើយនៅថ្ងៃទី០៦-០៧ ខែកុម្ភៈ គឺជារយៈពេលការប្រកួត សម្រាប់កីឡាករ-កីឡាការិនីរត់ ឬដើរឲ្យគ្រប់ចំនួនគីឡូម៉ែត្រ ដែលខ្លួនបានចុះឈ្មោះ។ បន្ទាប់មកនៅថ្ងៃទី២០-២១ ខែកុម្ភៈ កីឡាករ-កីឡាការិនីទាំងអស់ដែលបានរត់ចម្ងាយ ៥គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ត្រូវបានអញ្ជើញមកទទួលយកមេដាយអនុស្សាវរីយ៍ ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕