(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Selena Gomez ទើបតែបញ្ចេញចម្រៀងថ្មីមួយបទជាភាសាអេស្ប៉ាញ ក្រោមចំណងជើងថា «De Una Vez» ឬជាភាសាខ្មែរថា «នៅពេលមួយ» ខណៈអត្ថន័យគឺចង់សំដៅលើស្ថានភាពផ្លូវអារម្មណ៍ ដែលបានធ្លាប់ឆ្លងកាត់ និងរឿងរ៉ាវអតីតកាលជាមួយសង្សារចាស់ ដែលទំនងជាសំដៅទៅ Justin Bieber។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ELLE នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
ចម្រៀងថ្មីនេះ ត្រូវបានគេដឹងថា ជាបទដំបូងរបស់នាងនៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីបានបញ្ចេញអាល់ប៊ុមចម្រៀងចុងក្រោយកាលពីឆ្នាំមុនចំណងជើងថា «Rare»។ ក្នុងការបង្ហើរសំនៀងជាភាសាអេស្ប៉ាញ គឺពិតជាប្លែកអារម្មណ៍តែម្តងសម្រាប់អ្នកគាំទ្រ ជាពិសេសអត្ថន័យនៃចម្រៀងមួយនេះ គឺចង់បង្ហាញថា នាងមានភាពរឹងមាំក្នុងនាមជាខ្លួនឯង ដែលអាចឆ្លងកាត់បាននូវបញ្ហាផ្លូវចិត្ត និងមិនស្តាយក្រោយពីអតីតកាលទៀតឡើយ។
គួរជម្រាបថា តារាចម្រៀងល្បី Selena Gomez បន្ទាប់ពីងើបឡើងវិញពីជំងឺផ្លូវចិត្ត អ្នកគាំទ្រសង្កេតឃើញថា នាងហាក់ស្រស់ស្រាយជាងមុនជាខ្លាំង និងមានភាពរឹងមាំតែម្តង។ អ្វីដែលពិសេស មានចម្រៀងជាបន្តបន្ទាប់ត្រូវបានបញ្ចេញ ជាពិសេសចម្រៀងដែលបញ្ចេញនៅឆ្នាំ២០១៩ «Lose You to Love Me» ប្រៀបបានជាចម្រៀងមួយបង្ហាញពីការស្រឡាញ់ខ្លួនឯងរបស់ Selena Gomez បន្ទាប់ពីបែកគ្នាជាមួយ Justin Bieber ខណៈចម្រៀងថ្មីនេះ ក៏មានអត្ថន័យបង្ហាញពីភាពរឹងមាំរបស់ខ្លួនខ្លាំងណាស់ដែរ៕