(ស៊ីដនី)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានចាប់ផ្តើមធ្វើការបិទមាតិកាអត្ថបទ និងវេបសាយមួយចំនួនរបស់អូស្ត្រាលី ចេញពីការស្វែងរក Google Search របស់អ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
ស្ថាប័នព័ត៌មានក្នុងស្រុកជាច្រើបានរាយការណ៍មកថា ព័ត៌មានរបស់ពួកគេមិនអាចរកឃើញនៅលើ Google Search ដោយមិនដឹងមូលហេតុ។ ក្រោយពេលពីមានការរិះគន់លើកឡើង ក្រុមហ៊ុន Google បានចេញមុខបញ្ជាក់ថា ពិតជាបានបិទវេបសាយ និងអត្ថបទ មួយ ចំនួនមែន ដោយសារតែវាជាការសាកល្បងគោលការណ៍សម្រាប់វេបសាយដែលមានអ្នកប្រើប្រាស់តិច (user) ដែលទង្វើនេះបានធ្វើឱ្យម្ចាស់វេបសាយ និង អាជ្ញាធរអូស្ត្រាលីខឹងយ៉ាងខ្លាំង ព្រោះថា Google មិនបានសូមការអនុញ្ញាត។
ការសម្រេចចិត្តធ្វើបែបនេះ ត្រូវបានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលអូស្ត្រាលី បានបង្ខំឲ្យក្រុមហ៊ុបច្ចេកវិទ្យា និងបណ្តាញសង្គមល្បីៗលើសាកលលោកដូចជា Facebook និង Google បង់ប្រាក់សម្រាប់ការយកអត្ថបទចេញពីស្ថាប័នសារព័ត៌មានក្នុងស្រុកមកចែករំលែកលើវេបសាយរបស់ខ្លួន Google News, Facebook News or Feed ។
ច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ បង់ប្រាក់ឱ្យស្ថាប័នសារព័ត៌មានក្នុងស្រុក សម្រាប់ការយកអត្ថបទទៅចែករំលែកនៅលើវេបសាយរបស់គេ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី បញ្ជាក់ថានឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ ដោយក្នុងនោះ ក៏មានការផាកពិន័យដល់ទៅរាប់លានដុល្លារផងដែរ បើសិនមិនព្រមអនុវត្តទៅតាមច្បាប់ថ្មីនេះ៕