(ក្រុងឡុងដ៍)៖ កីឡាករ Lucas Piazon ដែលត្រូវបានតោខៀវ Chelsea នាំចូលមានរយៈពេល ១០ឆ្នាំមកនេះ សម្រេចឲ្យចាកចេញពីក្លិបក្នុងខែមករា ឆ្នាំ២០២១ នេះហើយ។
ខ្សែបម្រើប្រយុទ្ធ វ័យ២៦ឆ្នាំ Piazon បានស្ថិតក្រោមការបង្វឹករបស់គ្រូនានារហូតដល់ទៅ ៨នាក់ តែរូបគេត្រូវបានដាក់ចូលលេងបានតែ ៣ប្រកួតប៉ុណ្ណោះនៅទឹកដី Stamford Bridge គិតចាប់តាំងបានចូលរួមជាមួយក្លិបប្រចាំទីក្រុង London មួយនេះក្នុងឆ្នាំ២០១១ មកពីក្លិប Sao Paulo របស់ប្រេស៊ីល។
បន្ថែមលើនេះ Lucas Piazon ក៏ត្រូវបានក្លិបតោខៀវ Chelsea បញ្ចេញឲ្យក្លិបដទៃខ្ចីជើងមានដល់ទៅ ៨លើកផងដែរក្នុងរយៈពេល ១០ឆ្នាំរបស់គេនៅប្រទេសអង់គ្លេស ដោយបានទៅចូលរួមជាមួយក្លិបនៅប្រទេសអេស្ប៉ាញ ហូឡង់ អាល្លឺម៉ង់ អ៉ីតាលី និងក្លិបនៅព័រទុយហ្គាល់ជាដើម។
Piazon បានឈ្នះពានកីឡាករក្មេងជាងគេប្រចាំព្រឹត្តិការណ៍ FA Youth Cup កាលខែឧសភា ឆ្នាំ២០១២ ក្រោយជួយក្រុមយុវជន Chelsea ឈ្នះពាននេះរួចមក។ កីឡាករប្រេស៊ីលរូបនេះបានចូលលេងក្នុងក្រុមធំ Chelsea លើកចុងក្រោយ កាលប្រកួតទល់នឹងក្រុមបារាំង Lyon ក្នុងឆ្នាំ២០១៨ ក្នុងជំនួប Pre-season៕