(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានមានពន្លឺក្នុងការឈានទៅរករៀបចំការប្រកួតប្រចាំសប្ដាហ៍ ឬប្រចាំខែ ក្រោយទទួលបានដៃគូឧបត្ថម្ភថ្មីពីវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាអត្តសញ្ញាណជាតិមួយនេះឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ។

ការបង្ហាញភ្លើងខៀវក្នុងការប្រកួតប្រចាំសប្ដាហ៍ ឬប្រចាំខែនេះ ក្រោយក្រុមហ៊ុនសម្រស់ធម្មជាតិ បានចូលរួមសហការ និងឧបត្ថម្ភផ្ដាច់មុខក្នុងការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលមានទឹកប្រាក់សរុប ១៦,៨៥០ដុល្លារ ខណៈការប្រកួតគ្រោងធ្វើឡើងពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២១ ខាងមុខនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានចាត់ទុកការឧបត្ថម្ភនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងដំណើរការប្រកួត និងការអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោកម្ពុជា។ ដូច្នេះលោកបានជំរុញកីឡាករ-កីឡាការិនី ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីឆ្លើយតបជាមួយការគាំទ្រពីវិស័យឯកជនផង និងសម្រួចសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេមផង។

ទន្ទឹមជាមួយគ្នា លោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុនខាងលើបានបង្ហាញនូវមោទនភាព ដែលបានសម្រេចបំណងចូលរួមលើកកម្ពស់វិស័យកីឡាប្រពៃណីមួយនេះ ដ្បិតគុនល្បុក្កតោ គឺជាប្រភេទកីឡាខ្លួនស្រលាញ់ចិត្ត។ លើសពីនេះ លោកស្រីបានសន្យាថា នឹងបន្ដការឧបត្ថម្ភគាំទ្រយូរអង្វែងទៀត ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាបន្សល់ទុកពីបុព្វបុរសខ្មែរនេះ ជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

ដោយឡែកពាក់ព័ន្ធគម្រោងរៀបចំការប្រកួតផ្សេងៗវិញ លោក នួន ស៊ុន្ទរី បានបង្ហើបថា «ខាងលើយើង កំពុងពិភាក្សាជាមួយមន្ដ្រីសហព័ន្ធ ក្នុងការធ្វើជាកម្មវិធីផ្សេងៗទាក់ទងនឹងការប្រកួតកីឡាគុនល្បុក្កតោ ជារៀងរាល់សប្ដាហ៍ ឬក៏ជារៀងរាល់ខែ ដើម្បីឲ្យសកម្មភាពហ្នឹង ធ្វើឲ្យបានច្រើន និងញឹកញាប់ថែមទៀត ដើម្បីបំផុសសកម្មភាពកីឡានេះដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងពិភពលោកផងដែរ»

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងប្រកួតនាសប្ដាហ៍ក្រោយ នឹងមានកីឡាករ-កីឡាការិនីសរុប ១៩៣នាក់ មកពី ២៤សមាគម/ក្លិបទូទាំងប្រទេសចូលរួមប្រកួត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធ៕