(កូរ៉េ)៖ អ្នកដឹកនាំភាពយន្តល្បី «Parasite» ដែលជាម្ចាស់ពានរង្វាន់ Oscar លោក Bong Joon Ho បានបង្កើតប្រវត្តិសាស្រ្តថ្មីម្តងទៀតហើយ ដោយបានក្លាយជាជនជាតិកូរ៉េដំបូងបង្អស់ ក្នុងនាមជាប្រធានគណៈវិនិច្ឆ័យ នៃមហោស្រពដ៏ចំណាស់មួយ គឺ «Venice Film Festival» ក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

យោងតាមគេហទំព័រផ្លូវការរបស់មហោស្រពភាពយន្ត «Venice Film Festival» បានបង្ហាញថា លោក Bong Joon Ho បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ដោយលើកឡើងថា មហោស្រពភាពយន្តអន្តរជាតិ Venice ដែលមានដើមកំណើតនៅប្រទេសអ៊ីតាលី មានប្រវត្តិយូរលង់ណាស់មកហើយ ហើយលោកមានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ។

លោក Bong Joon Ho និយាយថា «ក្នុងនាមជាប្រធានគណៈវិនិច្ឆ័យ និងអ្វីដែលមានសារសំខាន់បំផុតនោះ គឺការស្រឡាញ់វិស័យភាពយន្ត ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីកោតសរសើរ និងអបអរសាទរខ្សែភាពយន្តដែលមានគុណភាព និងល្អ ដែលនឹងជ្រើសរើសសម្រាប់មហោស្រពភាពយន្តនេះ...»

គួររំឭកថា លោក Bong Joon Ho មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង តាមរយៈស្នាដៃភាពយន្តរបស់លោកដូចជា រឿង «Parasite», រឿង «Okja» រឿង «Snowpiercer», រឿង «Mother», រឿង «The Host», រឿង «Memories of Murder»

យ៉ាងណាមិញ ងាកមកព្រឹត្តិការណ៍ «Venice Film Festival» វិញ គឺមានដើមកំណើតនៅទីក្រុង Venice ប្រទេសអ៊ីតាលី ដែលត្រូវបានគេចាត់ទុកថា ជាមហោស្រពភាពយន្តដ៏ចំណាស់មួយនៅលើពិភពលោក និងធំជាងគេទាំង៣ សម្រាប់មហោស្រពភាពយន្ត បន្ទាប់ពី «Cannes Film Festival» និង «Berlin International Film Festival»