(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក នៅថ្ងៃសៅរ៍នេះ ខណៈប្រទេសដែលមានប្រជាជន ច្រើនបំផុតលំដាប់លេខ ២ លើលោកមួយនេះ កំពុងព្យាយាមទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា (COVID-19) ដោយការប្រើប្រាស់វ៉ាក់សាំង ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) និងក្រុមហ៊ុនផលិតឱសថឥណ្ឌា ប៉ារ៉ាត់ (Bharat Biotech) ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។

បើតាមរដ្ឋាភិបាលឥណ្ឌា នៅថ្ងៃដំបូងនៃកម្មវិធីចាក់វ៉ាក់សាំង COVID-19 នេះ មនុស្សប្រហែល «១០០នាក់» តែប៉ុណ្ណោះ នឹងត្រូវបានចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត នៅតាមមជ្ឈមណ្ឌលមួយចំនួន ក្នុងចំណោមមណ្ឌលទាំងអស់ចំនួន ៣,០០៦កន្លែងនៅទូទាំងប្រទេស ដោយបានហៅវាថា ជាការចាប់ផ្តើមនៃយុទ្ធនាការចាក់វ៉ាក់សាំង ដ៏ធំបំផុតនៅលើពិភពលោក។

ការិយាល័យរបស់លោក Narendra Modi បានគូសបញ្ជាក់នៅសប្តាហ៍នេះថា «នេះនឹងក្លាយជាកម្មវិធីចាក់វ៉ាក់សាំង ធំជាងគេបំផុតនៅលើពិភពលោក ដែលគ្របដណ្តប់ដោយភាពទូលំទូលាយនៅទូទាំងប្រទេស»

ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត លំដាប់លេខ ២ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិន បានប្រកាសថា ខ្លួនប្រហែលជាមិនចាំបាច់ ចាក់វ៉ាក់សាំងដល់ប្រជាជនទាំង ១.៣៥ពាន់លាននាក់ ដើម្បីសម្រេចបាននូវភាពស៊ាំទាំងអស់គ្នានោះឡើយ។ ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំងត្រឹមតែពាក់កណ្តាល នៃចំនួនប្រជាជនរបស់ខ្លួន ក៏នឹងធ្វើឲ្យវាក្លាយជាកម្មវិធីចាក់វ៉ាក់សាំង ធំជាងគេមួយនៅលើពិភពលោកដែរ បើទោះបីជាប្រទេសដូចជា សហរដ្ឋអាមេរិកបានប្រកាសថា នឹងចាក់វ៉ាក់សាំងដល់ប្រជាជនគ្រប់រូបក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាដែលបានរាយការណ៍ ពីចំនួនករណីឆ្លង COVID-19 ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិកនោះ មានបំណងចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនប្រមាណ ៣០០លាននាក់ សម្រាប់ចំនួន ២ដូសពេញនៅក្នុងរយៈពេល ៦-៨ខែដំបូងនៃឆ្នាំ២០២១នេះ។ មនុស្សប្រមាណ ១០.៥លាននាក់នៅក្នុងប្រទេសឥណ្ឌា បានឆ្លងជំងឺ COVID-19 នេះ ដោយក្នុងនោះមានច្រើនជាង ១៥១,០០០នាក់បានស្លាប់ បើទោះបីចំនួនករណីឆ្លងបានធ្លាក់ចុះ គិតចាប់តាំងពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះក៏ដោយ៕